សម្តេចតេជោ និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមុខវិមានធានអានមិន
(ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរនៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរបុរសរបស់ចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសពីនឹមអាណានិគម នៅស្តូបអនុស្សាវរីយ៍វីរបុរសចិន មុខវិមានធានអានមិន។
ជាមួយអក្សរចារឹកពណ៌មាស នៃការគោរពវិញ្ញាណក្ខន្ធវីរបុរសចិន, សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បានលំឱនកាយវាចាចិត្តគោរពដោយស្មោះស្ម័គ្រ ជូនចំពោះវីរបុរសចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិពីអាណានិគម រហូតទទួលបានឯករាជ្យយ៉ាងពេញលេញ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសបានជំរុញល្បឿននៃការអភិវឌ្ឍប្រទេសចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទី២ នៅលើសាកលលោក៕







