អភិបាលខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលា សាងសង់អគារសិក្សា នៅសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ
ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញ រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគារសិក្សា នៅសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
បានផ្តួចផ្តើមឲ្យមានការសាង់សង់អគារសិក្សា ១ខ្នង ២ជាន់ មាន ១០បន្ទប់ និង អគារទីចាត់ការបណ្ណាល័យ ១ខ្នង នៃសាលាបឋមសិក្សាព្រៃទទឹង ក្នុងគោលដៅបំពេញនូវកង្វះខាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ក៏ដូចជាការជួយសម្រួលដល់ការសិក្សារបស់ក្មួយៗ សំដៅលើកកម្ពស់គុណភាព នៃការផ្ដល់សេវាអប់រំសាធារណៈ ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ផងដែរថា ការគិតគូររបស់ថ្នាក់ដឹកនាំ ធ្វើឱ្យសមិទ្ធផលនៃអគារសិក្សា កើតមានដូចពេលនេះ គឺក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំនៅក្នុងកម្រិតមូលដ្ឋាន ដែលធ្វើយ៉ាងណាឱ្យកូនចៅរបស់បងប្អូនប្រជាពលរដ្ឋយើង មានសមត្ថភាពពិតប្រាកដ ដែលផ្ដើមចេញពីការអប់រំចំណេះដឹងទូទៅបាន គឺផ្ដើមចេញពីកម្រិតមូលដ្ឋាននេះ ។
ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា បន្ទាប់ពីការសាងសង់អគារសិក្សានេះរួច បំណងរបស់សប្បុរសជន និងមានផែនការដំឡើងកម្រិត សាលាបឋមសិក្សាព្រៃទទឹងនេះ ឲ្យទៅជាសាលាគំរូ ដែលប្រការនេះ នាយកសាលាបឋមសិក្សានេះ និងត្រូវធ្វើការសិក្សាយកបទពិសោធន៍ពីសាលាគំរូ១ នៅក្នុងខេត្តសៀមរាប ដើម្បីយកបទពិសោធន៍នោះ មកដឹកនាំ ធ្វើឲ្យសាលារបស់ខ្លួនទទួលបានជាសាលាគំរូ ដែលមានលក្ខណៈប្រកួតប្រជែង និងផ្តល់នូវការអប់រំប្រកបដោយគុណភាពផងដែរ ៕




