រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការរៀបចំពិធីអបអរសាទរមរតកដំណឹងល្អ១០០ឆ្នាំ របស់ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជានៅកោះពេជ្រនាថ្ងៃស្អែក, អ្នកចូលរួមជាង៣ម៉ឺននាក់ អ្នកមិនចាំបាច់គួរកុំធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធ
(ភ្នំពេញ)៖ ប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា (EFC) នឹងរៀបចំពិធីអបអរសាទរមរតកដំណឹងល្អ១០០ឆ្នាំ «១៩២៣-២០២៣» រយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកចូលរួមចំនួន ៣០.០០០នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល រាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងរយៈពេល២ថ្ងៃ នៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើដំណើរ របស់សមាជិកសមាជិកា ដែលអញ្ជើញចូលរួម ដូចនេះសូមប្រជាពលរដ្ឋទាំងឡាយណាដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះចរាចរណ៍កើតឡើង៕




