លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ១២កើត ខែ បុស្ស ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៣ នេះថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ និងសហការី បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី មានអង្ករ ចំនួន០៤តោន កុំព្យូទ័រ ២០គ្រឿង និងសម្ភារ:សិក្សាមួយចំនួន ទៅប្រគល់ជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម និងលោកជំទាវ ចំពោះក្មួយៗកុមារកំព្រាទាំងអស់ ។ លោកក៏បានអំពាវនាវ ដល់ក្មួយៗ ត្រូវញាំស្អាត រស់នៅស្អាត និងពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការ ឱ្យបានខ្ជាប់ខ្ជួន ៕




