រដ្ធមន្ដ្រីកសិកម្ម និងសហការី អញ្ជើញចុះពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ
(កណ្ដាល) ៖នាព្រឹកថ្ងៃសៅរ៍ ទី ៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។
ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញថា ត្រីឆ្នាំនេះត្រូវច្រើនខ្លាំង។ ដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។ លទ្ធផលនេះកើតមានបានដោយសារប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មេីសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងមក ។
ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម ជឿជាក់ថា ត្រីធម្មជាតិរបស់យើងនៅមានលទ្ធភាពកកើតនិងរីកធំធាត់ឡើងកាន់តែច្រើនបើយើងនៅតែបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឲ្យមានរដូវនេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។ តុល្យភាពរវាងការអភិរក្ស និងផលិតកម្ម ជាគន្លឹះនៃនិរន្តរភាព។
ដូច្នេះ សូមអ្នកនេសាទទាំងអស់បន្តគោរពច្បាប់នេសាទ ដេីម្បីរក្សាធនធាននេះឱ្យបានយូរអង្វែង។ ឯអ្នកប្រព្រឹត្តល្មើសនឹងប្រឈមនឹងទោសទណ្ឌយ៉ាងតឹងតែង។
ឯកឧត្តមរដ្ធមន្រី ឌិត ទីណា បានណែនាំមន្ត្រីជលផលរួចហើយ អំពីយុទ្ធសាស្ត្រនៃការពង្រឺងច្បាប់ដោយមិនផ្អែកតែលើបទល្មើសជាក់ស្តែងនោះឡើយ។ ឱ្យតែមានភស្តុតាងនឹងកំណត់អត្តសញ្ញាណនៃជនល្មើសបាន ការឃាត់ខ្លួនអាចធ្វើឡើងគ្រប់ពេល។





