ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ក្នុងក្រុងប៉ៃលិន ទទួលអំណោយពីសប្បុរសជនមកពីប្រទេសថៃ
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ទិត វ៉ារ៉ុត វណ្ណៈអ៊ាមភិគុណ តំណាងសប្បុរសជននៅប្រទេសថៃ បានដឹកនាំក្រុមការងារបន្ត ចុះចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងខេត្តប៉ៃលិន ចំនួន១០០គ្រួសារ។ពិធីនេះប្រព្រឹត្តទៅលើកំពូលភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមក្រុមការងាររបស់លោកបណ្ទិត វ៉ារ៉ុត វណ្ណៈអ៊ាមភិគុណ បានឲ្យដឹងថា៖ ការចុះចែកអំណោយមនុស្សធម៌ នាពេលនេះ គឺមិនមែនធ្វើតែម្តងនោះទេ មានជាច្រើនលើក ច្រើនសារមកហើយ ដែលនេះជាកម្មវិធីមនុស្សធម៌សុទ្ធសាត មិនប្រកាន់និន្នាការនយោបាយ ឬពណ៌សប្បុរ ជាតិសាសន៍នោះដែរ។ ប្រភពព័ត៌មាន បានបន្តថា៖ ជាទូទៅក្រុមការងារ តែងតែចុះមកខេត្តប៉ៃលិន ជាញឹកញាប់ ដើម្បីចូលរួមការធ្វើទានមនុស្សធម៌ ការសាងសងសំណង់នានា តាមទីវត្តអារាមក្នុងខេត្តប៉ៃលិន ហើយជាពិសេសមានវត្តចំនួនពីរ ដែលលោកបណ្ទិត វ៉ារ៉ុត វណ្ណៈអ៊ាមភិគុណ តំណាងសប្បុរសជន ចុះជួយផ្ទាល់គឺវត្តគីរីរតនារាមភ្នំយ៉ាត និងវត្តបេងសុវណ្ណារាម ហៅវត្តបេង ផងដែរ។
ឆ្លៀតក្នងឪកាសនោះដែរលោកបណ្ទិត វ៉ារ៉ុត វណ្ណៈអ៊ាមភិគុណ តំណាងសប្បុរសជន ប្រទេសថៃ បានលើកឡើងថា៖ ដោយការពេញចិត្ត ចំពោះព្រះពុទ្ធសាសនា ការធ្វើទាន ចំពោះជន ដែលមានជីវភាពខ្វះខាត មិនថានៅប្រទេសថៃ ឬប្រទេសកម្ពុជាក្តី ពិសេសពលរដ្ឋក្នុងខេត្តប៉ៃលិន គឺលោកតែងតែចុះបន្តជួយជានិច្ច ហើយការជួយនេះគឺសម្រាប់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះ ទោះបីអំណោយ ដែលទទួលបាន មានតិចតួចក្តី តែវាអាចដោះស្រាយបញ្ហាក្នុងជីវភាពបងប្អូន បានមួយកំរិតដែរ។ហើយលោកក៍បានសន្យាថានិងបន្តចែកអំណោយជូនបងប្អូនបន្តទៀត។
ប្រជាពលរដ្ឋទាំង១០០គ្រួសារ បានបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ ដល់ក្រុមការងារលោកបណ្ទិត វ៉ារ៉ុត វណ្ណៈអ៊ាមភិគុណ ដែលតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងពុទ្ឋពរទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនពលរដ្ឋទាំង១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ សារ៉ុង ត្រីខ និងថវិកាមួយចំនួន ជាមួយគ្នានេះក៍មានការប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តចំនួន២គឺវត្តភ្នំយ៉ាត និងវត្តបេងសុវណ្ណារាម ហៅវត្តបេង ឃុំស្ទឹងកាច់ផងដែរ៕
អត្ថបទ សេន ត


