កែប ៖ មន្ទីរបរិស្ថាននិងអាជ្ញាធរក្នុងតំបន់ ដោយមានការសហការរវាងក្រុមហ៊ុន កាសីុណូហាទៀងវេហ្កាស(Hatien Vegas)ស្ថិតក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានចុះយុទ្ធនាការប្រមូលកាកសំណល់និងសំរាម ស្ថិតក្នុងមាត់ឆ្នេរអង្កោល ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។
យុទ្ធនាការខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៧ ក្រោមការចូលរួមពីលោក អឹុម បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តកែប លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ លោកគង់ ឌី អ្នកចាត់ការទូទៅនៃក្រុមហ៊ុន កាសីុណូហាទៀងវេហ្កាស និងក្រុមការងារដែលជាបុគ្គលិកក្រោមឱវាទប្រមាណ៣០០នាក់។
លោកគង់ ឌី អ្នកចាត់ការទូទៅ តំណាងឲ្យក្រុមហ៊ុនកាសីុណូ ហាទៀងវេហ្កាស(Hatien Vegas)បានឲ្យដឹងថា នេះជាសកម្មភាពក្នុងការចូលរួមសម្អាតអនាម័យ បរិស្ថានទាំងអស់គ្នា ដោយកិច្ចការនេះបន្ទាប់ពីមហាជន ផ្តោតការចាប់អារម្មណ៍ យ៉ាងមុតមាំចំពោះការលម្ហែ កម្សាន្តនៅតាមមាត់ឆ្នេរអង្កោលនេះ ទើបលោកសុំគោលការណ៍ជាមួយមន្ទីរជំនាញនិងអាជ្ញាធរដែនដីដើម្បី សហការ ធ្វើយុទ្ធនាការសម្អាតតែម្តង។
ជាទូទៅបើតាមការបញ្ជាក់ពីលោកស្រី គឹម ចន្នី ដែលជាអាជ្ញាធរក្នុងតំបន់និយាយថា កាកសំណល់ឬសំរាមដែលកំពុងកកកុញក្នុងភូមិសាស្ត្រឆ្នេរអង្កោលនេះ ត្រូវបានទឹករលកបោកបក់នាំពីសមុទ្ររុញផ្ទប់មកច្រាំងឆ្នេរ ដោយសំរាមទាំងនេះគឺបានបន្សល់តាំងពីរដូវវស្សា ដែលជារដូវមួយមានខ្យល់បោកបក់ពីកណ្តាលលម្ហសំដៅមាត់ឆ្នេរ ប៉ុន្តែចាប់ពីរដូវរំហើយនេះទៅអត់មានសំរាមមកកកកុញនៅមាត់ឆ្នេរអង្កោលទៀតលើយ ព្រោះខ្យល់បានបង្វែបក់ពីច្រាំងទៅលម្ហសមុទ្រវិញហើយ។
ជាមួយនេះដែរ ប្រធានមន្ទីរបរិស្ថានខេត្តកែប លោកអឹុម បញ្ញារិទ្ធ បានលើកឡើងថា លោកមានក្តីរីករាយ ខណៈត្រូវបានក្រុមហ៊ុនកាសីុណូហាទៀង វេហ្កាស(Hatien Vegas)បាននាំបុគ្គលិកចំនួន២៥០នាក់មកជួយសម្អាតបរិស្ថាន ប្រមូលសំរាមចេញពីឆ្នេរអង្កោលនេះ ហើយយុទ្ធនាការខាងលើលោកនឹងបន្តរិះរកវិធានការដើម្បីអប់រំផ្សព្វផ្សាយ លើបញ្ហាផ្សេងៗទាក់ទិននឹងកត្តាអនាម័យ ដូចឃើញស្រាប់ហើយសំរាមដែលកើតមាននៅតំបន់មាត់ឆ្នេរអង្កោល គឺផ្តើមព្រោះតែកត្តាមនុស្ស ដូចជាការបោះចោលកាកសំណល់ សំរាម ថង់ផ្លាស្ទិកផ្តេសផ្តាសជាដើម និងមានមួយផ្នែកគឺកំទេចកំទីរបស់ស្លឹករុក្ខជាតិដែលបានរុញផ្តុំដោយកម្លាំងខ្យល់និងរលកសមុទ្រមកកាន់មាត់ឆ្នេរអង្កោលនេះ។
យ៉ាងណាមិញចំពោះកាកសំណល់និងសំរាមដែលកំពុងធ្វើយុទ្ធនាការ សម្អាតយ៉ាងផុលផុសពីសំណាក់បុគ្គលិកកាសីុណូហាទៀងវេហ្កាស និងមន្ត្រីជំនាញ ពិតជាគំរូមួយយ៉ាងប្រសើរសម្រាប់ក្រើនរំលឹកដល់មហាជន ភ្ញៀវជាតិ-អន្តរជាតិ អាជីវករ ពិសេសប្រជាពលរដ្ឋ ឲ្យបានស្គាល់តម្លៃអ្វីដែលហៅថាបរិស្ថាន ហើយយុទ្ធនាការខាងលើនេះ ក៏បានបញ្ជាក់នូវការរក្សាអនាម័យ ការចូលរួមចំណែកពារបរិស្ថានទាំងអស់គ្នា ដោយផ្អែកលើកត្តាចម្បង គឺអនាម័យល្អ ការរស់នៅប្រកបដោយសុខដមរមនា គ្មានជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀននោះឡើយ។
គួរបញ្ជាក់ផងដែរថា ខេត្តកែប នាពេលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះជាខេត្តបៃតង និងខៀវស្រងាត់ ដែលមានឆ្នេរស្រស់ស្អាតដាច់គេ ជាផ្ការំដួលបីទង មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ជាតារារះនៅទិសនិរតី ហើយត្រូវបានទទួលពានរង្វាន់ និរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ ចំនួនបី គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដែលទើបតែទទួលពានរង្វាន់នៅប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ។ ដូច្នេះ ដើម្បីឆ្លើយតបនឹងកិត្តិស័ព្ទដ៏ល្បីល្បាញ និងសម្រាប់ជាកិត្តិយសដ៏ធំធេងខាងលើនេះផ្នែកជំនាញឬអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃតំបន់ខេត្តទេសចរណ៍ មិនគួរមើលរំលងនូវកត្តាបែបនេះឡើយ។ឆ្នេរអង្កោលដែលស្ថិតក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ថ្វីត្បិតតែនៅឆ្ងាយពីទីប្រជុំមាត់ឆ្នេរកែបបន្តិចមែន ប៉ុន្តែទេសភាព និងសោភណភាពពិតជាមានសម្រស់យ៉ាងត្រកាលមិនចាញ់រមណីយដ្ឋានឆ្នេរកែបឡើយ។/
ណារិទ្ធ








