ក្រុមការងារចុះជួយស្រុករំដួល ដង្ហែអង្គកឋិនទានចូលវត្តលក្ខរាជា និងចែកអំណោយជូនពលរដ្ឋជាង ១០០នាក់
ស្វាយរៀង៖ ការងារថ្នាក់កណ្តាលចុះជួយស្រុករំដួល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានដង្ហែអង្គកឋិនទានចូលវត្តលក្ខរាជា ស្ថិតនៅក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ដើម្បីប្រគេនព្រះសង្ឃ និងចែកអំណោយដល់ប្រជាពលរដ្ឋជាង ១០០នាក់។

លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំសង្កែ ស្រុករំដួល ដែលដឹកនាំដោយលោកស្រី ហ៊ឹម ម៉ាលី ដែលតែងតែផ្ដល់នូវទេយ្យទានដល់ព្រះសង្ឃក៏ដូចជាចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងចាស់ជរាបានជាបន្តបន្ទាប់ ជាពិសេសបានចូលរួមការងារសង្គមរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានស្រុករំដួល ឲ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
តំណាងក្រុមការងារលោកស្រី ហ៊ឹម ម៉ាលី បានថ្លែងថា ការងារថ្នាក់កណ្តាលចុះជួយស្រុករំដួល គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលប្រជាពលរដ្ឋឡើយ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យក ការរស់នៅស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕







ផ្យាយដោយចាងហ្វាងលោក រុន សារ៉េត



