កំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអោយដឹងថា សព្វថ្ងៃក្រុមទូកនេសាទប្រើឧបករណ៍មងគ្រប(មងបង្ក្រាប)ប្រភេទបីជាន់ និងមងចែរ៉ា រាប់រយទូកបាននឹងកំពុងចេញធ្វើសកម្មភាពនេសាទស្ទើរគ្រប់ទី កន្លែងក្នុងទឹកដីខេត្តកំពង់ឆ្នាំង ចាប់ពីព្រំប្រទល់កោះលង្វែក ស្ថិតក្នុងឃុំកំពង់ត្រឡាចក្រោម តាមបណ្តោយដងទន្លេសាបរហូតដល់ឃុំឆ្នុកទ្រូខេត្តកំពង់ឆ្នាំង និងឃុំផាត់សណ្តាយ ខេត្តកំពង់ធំ ក្រុមនេសាទទាំងនោះ បានធ្វើសកម្មភាពនេសាទតាមទន្លេដូចជាចំណុចភូមិកំពង់ត្រឡាចក្រោម ភូមិតាជេស ភូមិកំពង់ប្រាសាទ ភូមិកន្លែងភេ បទអន្លង់ ទន្លេព្រែកយួន ទន្លេកំពង់ឆ្នាំង រហូតដល់ទន្លេឃុំឆ្នុកទ្រូ និង ឃុំផាត់សណ្តាយ ។ ទូកនេសាទខាងលើសុទ្ធសឹងបំពាក់ទៅដោយម៉ាស៊ីនខ្យល់ សម្រាប់មុជទឹកដោះគល់ឈើ ឬសម្រាស់នៅពេលជាប់ម្តង ហើយឧបករណ៍នេះគឺបានចាប់ត្រីមិនរើសមុខ ទោះបើស្ថិតក្នុងទឹកជម្រៅណាក៍ដោយមិនអាចគេចរួចបានឡើយ ឧបករណ៍ខាងលើត្រូវបានច្បាប់ជលផលហាមឃាត់ដែលមិនមានចែងក្នុងច្បាប់ឡើយ ។
ពាក់ព័ន្ធឧបករណ៍មងគ្រប និងមងចៃរ៉ានេះផងដែរ កាលពីឆ្នាំ២០១៣-២០១៤ កន្លងទៅត្រូវបានក្រុមអ្នកនេសាទបានបង្កើតជាក្រុមនេសាទស្រាវជ្រាវ ស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបានធ្វើសកម្មភាពនេសាទ ដូចឧបករណ៍នេសាទផ្សេងៗផងដែរ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលលប់ចោល ព្រោះនៅក្នុងច្បាប់ជលផលមិនមានចែង ។
ប្រភពបានបន្តអោយដឹងថា ក្រុមអ្នកនេសាទប្រើឧបករណ៍មងគ្រប និង មងចៃរ៉ាខាងលើ ភាគច្រើនជាប្រជានេសាទមកពីខេត្តកណ្តាល ដោយបានមកស្នាក់នៅនិងរកស៊ីណៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងខ្លះទៀតបានទៅស្នាក់នៅ និងរកស៊ីនៅឃុំ ឆ្នុកទ្រូ ហើយអ្នកទាំងនោះបានពឹងពាក់និងមានមេខ្យល់រត់ការបង់លុយអោយសមត្ថកិច្ច ដោយនៅកំពង់ឆ្នាំង មានឈ្មោះ យ៉ើ ជនជាតិឥស្លាមជាអ្នកសម្របសម្រួល ក្នុងការប្រមូលលុយរត់ការបង់អោយគ្រប់សមត្ថកិច្ចទាំងអស់ ចំណែកនៅឃុំឆ្នុកទ្រូមានឈ្មោះ យ៉ា ជនជាតិវៀតណាម និងឈ្មោះ វី ភេទស្រី ជនជាតិ ឥស្លាម នៅកោះមនោ ជាអ្នកសម្របសម្រួលប្រមូលលុយរត់ការបង់អោយសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ ។
ពាក់ព័ន្ធនិងករណីខាងលើ លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលទើបឡើងតំណែងថ្មី បានអោយដឹងថា លោកជាប់រវល់នៅខេត្តសៀមរាប លោកអោយសួរទៅ លោកម៉ូត សៀងហេង ជានាយសង្កាត់រដ្ឋបាលជលផលឃុំឆ្នុកទ្រូ ។ លោក ម៉ូត សៀងហេង បានប្រាប់អោយដឹងថា ចាំលើកអោយកម្លាំងទៅត្រួតពិនត្យមើលសិន ៕






