ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសតែងតាំងលោក ទុំ ណូ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ជំនួសលោក អ៊ុក វណ្ណច័ន្ទ ដែលត្រួវចូលនិវត្តន៏ ។
ពិធីប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនថ្មីនេះ ស្ថិតក្រោមអធិបតីភាពលោក ឯមឃិន វរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ទិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា,លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីគណៈប្រតិភូអមដំណើរគណៈអធិបតី ,លោក លោកស្រីជាអភិបាលរងខេត្ត, លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,លោក-លោកស្រីជាអភិបាលក្រុង/ស្រុក ,លោក-លោកស្រីជាប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងមន្ត្រីគយ និងរដ្ឋាករខេត្តប៉ៃលិន យ៉ាងច្រើនកុះករ ។
លោក ប៉ាង វ៉ាន់ថា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រង់ និងជាប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង បានអានលិខិតបង្គាប់ការ(លេខ២៥៦ អគរ) របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងតាំងលោក ទុំ ណូ ជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ទៅជាប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ជំនួសលោក អ៊ុក វណ្ណច័ន្ទ ដែលត្រួវចូលនិវត្តន៏ ។
លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ដែលទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការអនុវត្តន៏ភារកិច្ចសំខាន់ទាំង៣ គឺការត្រួតពិនិត្យនូវពន្ធអាករនាំចេញ នាំចូលឲ្យបានគ្រប់ និងលើសផែនការ ,ជំនុញការបង្កា និងបង្ក្រាបករណីគេចពន្ធ ឲ្យមានប្រសិទ្ធភាព ,សម្រួលកិច្ចការអន្តរជាតិឲ្យបានសមស្របតាមបទបញ្ញតិ រួមសហការគ្នាឲ្យបានល្អក្នុងអង្គភាព និងគ្រប់ស្ថាប័នមន្ទីរក្នុងខេត្ត ក៏ដូចតាមបន្ទាត់ព្រំដែន ។
ថ្លែងក្នុងឱកាសនោះដែរ លោក ឯមឃិនវរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ទិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៏ឲ្យដឹងថា៖ សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោក អ៊ុក វណ្ណច័ន្ទ ជាប្រធានកន្លងមក មានការរីកចំរើនពិសេស ប្រាក់ពន្ធយើងមានការកើន ហើយសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ឥឡូវរកចំណូលចូលរដ្ឋបានច្រើនជាងមុន. ក្នុងមួយខែៗ បានពី ១២០០លាន ទៅ ១៥០០លានរៀល នេះដោយសារយើងមានការសហការគ្នាបានល្អប្រសើរផងដែរ ។ លោកមានប្រសាសន៏បន្តថា៖ប្រធានសាខាគយ និងរដ្ឋាករថ្មី ត្រួវចេះសហការគ្នាផ្ទៃក្នុងអង្គភាព ធ្វើយ៉ាងណាឲ្យមានដំណើរការស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាយើង ។
លោក កើត សុ ធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៏ផ្តាំផ្ញើរណែនាំ អោយលោកប្រធានសាខាគយ និងរដ្ឋាករថ្មី ធ្វើយ៉ាងណាខិតខំប្រមូលចំណូលចូលរដ្ឋ អោយបានច្រើនថែមទៀត ។ ដោយសហការគ្នា ត្រួវរួមសាមគ្គីគ្នាក្នុងអង្គភាព សហការជាប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធកុំឲ្យបែកបាក់ផ្ទៃក្នុង ធ្វើដូច្នេះអង្គភាពគយ និងរដ្ឋាករខេត្ត និងទទូលបានជោគជ័យក្នុងការអនុវត្តន៏នូវគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ៕







