កំពត ៖ សិស្សក្រីក្រដែលសិក្សាក្នុងសាលារៀនចិនទាំង៥សាលាទូទាំង ខេត្តកំពត-កែប ត្រូវបានផ្តល់អំណោយ ថវិកានិងសម្ភារៈសិក្សា ពីក្រុមហ៊ុនកាសែត សីុន ជីវដេលី(Cambodia Sin Chew Daily) ដោយពិធីនេះបានរៀបចំឡើងនៅក្នុងសាលារៀនគាក ឃួន ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ហែរហមដោយសហការីជាច្រើនរូប និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ រួមនឹងសិស្សក្នុងសមាគមខ្មែរ-ចិនជាច្រើននាក់ ដែលមកពី៥សាលាទូទាំងខេត្តកំពត-កែប។
តាមរបាយការណ៍របស់សមាគមភាសាចិន បានបញ្ជាក់ថា សាលានេះបានចាប់ផ្តើមបើកដំណើរការសិក្សាភាសាចិនឡើងវិញនៅឆ្នាំ១៩៩២ ដោយមានការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានផង និងមានការជួយឧបត្ថម្ភយ៉ាងពេញទំហឹងពីសមាគម ខ្មែរ-ចិន ទូទាំងប្រទេសផងដែរ។ ជាមួយនេះ ដោយឃើញស្ថានភាពសេដ្ឋកិច្ច ជីវភាពគ្រួសាររបស់មាតាបិតាអាណាព្យាបាលសិស្សក្នុងមូលដ្ឋានខ្លះនៅទន់ខ្សោយ ខ្លះកូនច្រើនក្នុងបន្ទុក សាលាបានកំណត់ការបង់ថ្លៃសិក្សាមានកម្រិតទាបបំផុត តាមការចង្អុលណែនាំរបស់គណៈកម្មាធិការ សមាគមខ្មែរ-ចិន ទូទាំងប្រទេស ដែលមានទិសស្លោកថា”អប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីអប់រំ”ហើយចំពោះគ្រួសារដែលមានកូនចូលរៀនក្នុងសាលានេះច្រើន ចាប់ពី៣នាក់ឡើង គឺបានលើកលែងម្នាក់មិនឲ្យបង់ថ្លៃសាលាទេ។អ្នកខ្លះទៀតខ្វះខាតក៏ត្រូវអនុគ្រោះឲ្យបង់ថ្លៃសិក្សាត្រឹមតែ៥០%ប៉ុណ្ណោះ។
ក្នុងខណៈនោះដែរ លោកខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ភាសាចិនក៏ជាចំណេះដឹងមួយដ៏មានសារៈប្រយោជន៍ និងដើរតួសំខាន់ដ៏ចាំបាច់បំផុតសម្រាប់បម្រើការងារផ្សេងៗ ដោយភាសានេះក៏ត្រូវបានការទទួលស្គាល់យ៉ាងពេញទំហឹង ក្នុងប្រទេសអាស៊ានទាំង១០ ទើបកាសែត សីុន ជីវដេលី Cambodia Sin Chew Daily មានការចាប់អារម្មណ៍ ថែមទាំងបានជួយជ្រោមជ្រែង និងជួយឧបត្ថម្ភ គាំទ្រទាំងថវិកានិងសម្ភារៈសិក្សាជាបន្តបន្ទាប់ ដល់សមាគមនិងសិស្សក្រីក្រទូទាំងសាលានៃសមាគមចិនទាំងមូល ។ លោកបានដាស់តឿនដល់សិស្សក្នុងសមាគមខ្មែរ-ចិន ទាំងអស់សូមខិតខំរៀនសូត្រឲ្យបានខ្ពស់ ព្រោះភាសាចិននឹងផ្តល់អត្ថប្រយោជន៍ច្រើន អាចរកការងារតាមបណ្តាក្រុមហ៊ុន សហគ្រាសនានា ដោយទទួលបានប្រាក់កម្រៃខ្ពស់ ដែលអាចសម្រួលក្នុងបន្ទុកគ្រួសារកាន់តែធូរធាផងដែរ។ឆ្លៀតឱកាសនោះបន្ទាប់ពីផ្តល់ថវិកានិងសម្ភារៈផ្សេងៗដល់សិស្សក្រីក្រចំនួន២៦៥នាក់ លោកក៏បានភ្ជាប់មកជាមួយនូវថវិកាផ្ទាល់ខ្លួន ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន៤៩នាក់ ដោយម្នាក់ៗទទួលបានថវិកា៥០.០០០រៀលនិងផ្តល់ថវិកាដល់សាលាភាសាចិនទាំង៥ទូទាំងខេត្តកំពត-កែប ក្នុងមួយសាលាចំនួន១០០ដុល្លាថែមទៀត។/ ណារិទ្ធ





