កំពត ៖ សពស្ត្រីចំណាស់ម្នាក់ត្រូវសាច់ញាតិ ប្រទះឃើញស្លាប់ផ្អែកនឹងដើមឫស្សីចំណុចភូមិចាស់មួយកន្លែង ក្នុងភូមិព្រែកអម្ពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៧ ហើយការប្រទះឃើញនេះ ក្រោយពីបាត់ស្ត្រីរងគ្រោះមួយយប់ មិនឃើញមកផ្ទះទើបកូនចៅដើររកស្រាប់តែឃើញម្តាយស្លាប់បាត់ទៅហើយ ដោយសង្ស័យគាត់មកជីកទំពាំងរួចងងឹតមុខខ្យល់គរគ្មានអ្នកណាជួយទាន់។
ចំពោះករណីប្រទះសពស្លាប់ក្នុងគុម្ពឫស្សីនេះដែរ អ្នកភូមិនិយាយថា ស្ត្រីចំណាស់រងគ្រោះ ពេលបាត់ពីផ្ទះនោះ កូន ចៅក៏មិនបានដឹងថាគាត់ទៅរកជីកទំពាំងបែបនេះទេ ដោយស្មានថា ស្ត្រីរងគ្រោះជាម្តាយទៅលេងផ្ទះ កូន ក្មួយនៅក្បែរនោះ ប៉ុន្តែពេលទូរស័ព្ទសួររកមិនឃើញ ទើបហៅគ្នីគ្នាដើរស្វែងរកតាមព្រៃក្បែរៗផ្ទះ ទីបំផុតក៏ឃើញស្លាប់ដេកផ្អែកដើមឫស្សី ដោយមានទំពាំងនៅក្បែរសពចំនួន៤ដើមទៀតផង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ប្រាក់ ណាត អាយុ៦៥ឆ្នាំ មានទីលំនៅស្ថិតកន្លែងកើតហេតុខាងលើ ដោយការប្រទះឃើញសពនេះ បន្ទាប់ពីស្ត្រីរងគ្រោះដើររកជីកទំពាំងនៅក្នុងភូមិចាស់ កាលពីល្ងាចថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៧ ហើយបាត់ខ្លួនរហូត ទើបកូនចៅនិងអ្នកជិតខាងដើរស្វែងរកអស់រយៈពេលមួយយប់មួយថ្ងៃ ទីបំផុតក៏ប្រទះឃើញស្លាប់ផ្អែកនឹងគុម្ពឫស្សី ចំងាយពីផ្ទះប្រហែល៣០០ម៉ែត្រដោយមានសត្វអង្ក្រងរោមពេញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានមកពិនិត្យភ្លាមៗតែម្តង។
ពាក់ព័ន្ធនឹងករណីប្រទះឃើញសពស្ត្រីចំណាស់ស្លាប់ក្នុងគុម្ពឫស្សីខាងលើ សមត្ថកិច្ចជំនាញវិទ្យាសាស្ត្រ ខេត្ត ក៏បានមកពិនិត្យធ្វើកោសល្យវិច្ច័យគឺសពពុំមានស្លាកស្នាមគួរឲ្យកត់សម្គាល់ឡើយ គឺស្ត្រីរងគ្រោះសង្ស័យពេលជីកទំពាំងម្នាក់ឯង ក៏វិលមុខបណ្តាលឲ្យខ្យល់គរ គ្មានអ្នកណាដឹង ទើបដាច់ខ្យល់ស្លាប់បែបនេះ។
សពក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានប្រគល់ជូនកូន ចៅ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ណារិទ្ធ



