កែប ៖ ក្រុមការងារគណបក្សប្រជាជនសង្កាត់កែប នៅព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើពិធីសំណេះសំណាលជាមួយសិស្សវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលមកពីវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដែលមានសិស្សថ្នាក់ទី១១និងថ្នាក់ទី១២ចូលរួមសរុបចំនួន៨៤នាក់។
ពិធីនេះបានរៀបចំឡើង ក្នុងសាលប្រជុំមន្ទីរគណបក្សប្រជាជន កម្ពុជាខេត្តកែប ដោយមានការចូលរួមពីសំណាក់លោក ឡុង ណារ៉ូ ប្រធានក្រុមការងារគណបក្ស ចុះជួយសង្កាត់កែប និងលោកកែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមជាមួយសហការីជាច្រើនរូប។
លោកឡុង ណារ៉ូ ប្រធានក្រុមការងារគណបក្សសង្កាត់កែប បានលើកឡើងយ៉ាងដូច្នោះថា សិស្សដែលកំពុងត្រៀមប្រឡងបាក់ឌុបនៅក្នុងខេត្តកែប ឆ្នាំនេះត្រូវបានជម្រុញឲ្យមានការបណ្តុះបណ្តាលវគ្គបំប៉នរយៈពេល៤៤ថ្ងៃ ដោយសិស្សចូលបំពេញបន្ថែមចំណេះដឹងមានចំនួន៤៦នាក់ ហើយវគ្គបំប៉ននេះក៏បានបញ្ចប់កាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៧ម្សិលមិញផងដែរ។លោកបន្តថា ចំពោះការជួបសំណេះសំណាលក្នុងពេលនេះ ក្រៅពីសិស្សវគ្គបំប៉ន៤៦នាក់ ក៏មានសិស្សថ្នាក់១២ជាច្រើនទៀតព្រមទាំងសិស្សថ្នាក់ទី១១ មកចូលរួមក្នុងពេលនេះផងដែរ ហើយលោកក៏សូមផ្តាំផ្ញើរ ដល់សិស្សានុសិស្សដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងឈានមកដល់ក្នុងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកជ័យលាភីជាសិស្សឆ្លើម ជាប់និទ្ទេសល្អឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនេះដែរ ក្រុមការងារគណបក្សប្រជាជន ក្នុងសង្កាត់កែប ក៏បានភ្ជាប់មកជាមួយនូវថវិកាមួយចំនួនផ្តល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយគ្រូបង្គោល៥នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៤០.០០០រៀល សិស្សត្រៀមប្រឡងថ្នាក់ទី១២ម្នាក់ៗទទួលបានថវិកាចំនួន២០.០០០រៀល។ដោយឡែកសិស្សថ្នាក់ទី១១ម្នាក់ៗទទួលបានថវិកាចំនួន១០.០០០រៀលផងដែរ។/ ណារិទ្ធ






