ស្វាយរៀង ៖ សពក្មេងស្រីម្នាក់ត្រូវគេប្រទះឃើញស្លាប់គួរឲ្យសង្វេគ ក្នុងសភាពអាក្រាតកាយ ដោយសពត្រូវបានឃាតករ សម្លាប់យកថ្មសង្កត់ពន្លិចទឹកជាប់ស្រែមួយកន្លែង ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង៣និង២០នាទី ថ្ងៃទី៤ខែសីហា ឆ្នាំ២០១៧។
សាកសពមានសភាពហើម ស្អុយរលួយដែលអាចប៉ាន់ប្រមាណ ស្លាប់ក្នុងអំឡុងពេល៣ថ្ងៃមកហើយ ដោយករណីខាងលើសង្ស័យត្រូវឃាតករ ល្បួងយកទៅរំលោភបានសម្រេច រួចសម្លាប់បំបិទមាត់តែម្តង។
បើតាមប្រភពដែលគួរទុកចិត្ត បានបង្ហើបថា មុនពេលមានការប្រទះសពក្មេងស្រីខាងលើ ពោលគឺនៅព្រឹកថ្ងៃទី០២ខែសីហា ឆ្នាំ២០១៧ គេឃើញក្មេងស្រីរងគ្រោះ(សព)រករថយន្តជិះពីបេនអូឡាំពិក មកកាន់ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនដឹងហេតុអីបានជាមកស្លាប់ដោយសារដៃឃាតករនៅទីនេះទៅវិញ។
ដោយឡែក សមត្ថកិច្ច បានអះអាងថា សពនារីវ័យក្មេងនេះ បើតាមសាក្សីជាច្រើនដែលដឹងរឿងរ៉ាវ នាំគ្នានិយាយថា កាលពីថ្ងៃទី០២ខែសីហា ឆ្នាំ២០១៧មានគេបង្ហោះFacebook ពីករណីបាត់ក្មេងស្រីម្នាក់នេះ ដែលបានធ្វើដំណើរពីភ្នំពេញ(ពីចំណតរថយន្តអូឡាំពិក)ទៅក្រុងបាវិត ហើយក៏បានបាត់ដំណឹងរហូត ទើបបងប្អូនប្រកាសតាមបណ្តាញសង្គមឲ្យជួយស៊ែរបន្តគ្នាផងដែរ។សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពីមានការភ្ញាក់ផ្អើលពីករណីប្រទះសពនេះ ក៏ត្រូវបានសាច់ញាតិផ្តល់ដំណឹងថា សពខាងលើគឺជាក្មេងស្រីដែលបាត់ខ្លួនកាលបីថ្ងៃមុនហ្នឹងហើយ គឺនាងឈ្មោះ សុខ ម៉ាលីន។
បន្ទាប់ពីពិនិត្យធ្វើកោសល្យវិច្ច័យរួចរាល់ សពត្រូវបានសមត្ថកិច្ចទាក់ទងរកសាច់ញាតិដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះករណីឃាតកម្ម រំលោភសម្លាប់នេះ សមត្ថកិច្ចបាននិងកំពុង តាមប្រមាញ់រកមុខសញ្ញាដើម្បីវែកមុខឃាតករយកទៅផ្តន្ទាទោសនៅចំពោះមុខច្បាប់ឲ្យទាល់តែបាន។/ណារិទ្ធ





