កំពត ៖ ជនសង្ស័យចំនួនបីនាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ឃាត់ខ្លួនបានបន្តបន្ទាប់គ្នា ខណៈពួកគេកំពុងជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
ទាក់ទិននឹងការបង្ក្រាបខាងលើ លោកវរសេនីយ៍ត្រី សឹម នៅ អធិការរងទទួលផ្នែកសន្តិសុខ ស្រុកកំពង់ត្រាច បានឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធគ្រឿងញៀនទាំងបីនាក់នេះ ត្រូវបានកំលាំងសមត្ងកិច្ចនគរបាល ឃាត់ខ្លួនស្ថិតគោលដៅ២ផ្សេងគ្នា គឺពីរនាក់ឃាត់បាននៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត និងម្នាក់ទៀត ឃាត់ខ្លួនបានត្រង់ចំណុចភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។ជាមួយនឹងការបង្ក្រាបខាងលើ កំលាំងក៏បានដកហូតវត្តុតាងសារធាតុញៀន ចំនួន៣កញ្ចប់តូច និងម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ស្វាយរៀង 1C-5586 ព្រមទាំងទូរស័ព្ទដៃចំនួនពីរគ្រឿងផងដែរ។
លោកបានឲ្យដឹងទៀតថា ជនសង្ស័យទាំងបីនាក់នោះ ទី១.ឈ្មោះ ឈួន សីហា ភេទប្រុស អាយុ ២២ឆ្នាំ។ទី២.ឈ្មោះ ប្រាក់ ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ទាំងពីរនាក់រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត និងទី៣.ឈ្មោះ តាំង មាន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចអធិការដ្ឋានស្រុកកំពង់ត្រាច បានរៀបចំឯកសារដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី នារសៀលថ្ងៃដដែលនេះហើយ ៕
ណារិទ្ធ




