បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ដែលមកពីគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតឃុំ/សង្កាត់បានបញ្ជាក់ថា ក្នុងឃុំរបស់ខ្លួន គឺគណបក្សសង្គ្រោះជាតិមានសំឡេងនាំមុខរួចមក ទើបបុរសនេះហ៊ានចុះហត្ថលេខា ដោយបានតាំងខ្លួនថាជាមេភូមិថ្មី ដែលនេះបើយោងតាមផ្លូវច្បាប់គឺជាករណីក្លែងឯកសារសាធារណៈ ដែលអាចជាប់ពន្ធនាគារចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ រួម នាង ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ជាមេភូមិអន្លង់ល្វា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឈួន សារិ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើបាននិយាយថា ខ្លួនមានប្តីប្រមាណជិត១០ឆ្នាំមកហើយ ដោយបានទៅរស់នៅជាមួយនឹងប្តីក្នុងស្រុកកំរៀង ជាប់ព្រំដែនថៃ ប៉ុន្តែថ្មីៗនេះខ្លួនមានជំងឺក៏បានធ្វើដំណើរមកផ្ទះឪពុកនៅឯស្រុកកំណើត ព្រមទាំងបានទៅឲ្យពេទ្យមណ្ឌលសុខភាពជួយព្យាបាល ប៉ុន្តែដោយសារតែខ្លួនមានជីវភាពខ្វះខាតខ្លាំងពេក ទើបខាងគ្រូពេទ្យប្រគល់សៀវភៅមួយក្បាលឲ្យយកទៅបំពេញ ដើម្បីឲ្យលោកមេភូមិបញ្ជាក់ថាពិតជាជនក្រីក្រមែន។
នៅពេលនោះដែរ នាងក៏បានកាន់យកទៅផ្ទះមេភូមិចាស់ ប៉ុន្តែដោយសារតែលោកមេភូមិ មិននៅ ហើយអ្នកភូមិជិតខាងក៏បានចង្អុលថា ទៅផ្ទះមេភូមិថ្មីទៅ ព្រោះគេទើបជាប់ឆ្នោត រួចខ្លួនក៏បានដើរទៅ គឺនៅពេលនោះហើយដែលលោកមេភូមិថ្មីបានសរសេរលើសៀវភៅ ដោយបានបញ្ជាក់ថានាងពិតជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ហើយពិតជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដមែន ដោយលិខិតនេះចេញឲ្យសាមីខ្លួនយកទៅប្រើប្រាស់តាមដែលអាចប្រើទៅបាន ព្រមទាំងបានចុះហត្ថលេខាថែមទៀតផង។
ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈនេះ សមត្ថកិច្ចក៏បានចុះទៅនាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ ព្រមទាំងបានរៀបចំបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕



