នៅក្នុងភូមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គ្រួសារទុរគតមួយដែលមានសមាជិក ០៥នាក់ ប្តី-ប្រពន្ធ និងកូនចំនួន ០៣នាក់ ប្តីឈ្មោះ គាំ គារិទ្ធ អាយុ ៤៣ឆ្នាំ មានជំងឺឈឺស្លាប់ទៅនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៣រសៀល គួរឱ្យសង្វេគណាស់ ខ្ទមជរាដែលប្រក់តង់ត្រូវបានភ្លៀងខ្យល់គួចរលំបាត់ទៅសាកសពគ្មានកន្លែងដាក់ គ្រួសារគាត់ និងកូនកំព្រា ៣នាក់ ប្រុស ០២នាក់ ស្រី ១នាក់ បានសែងប្តីដាក់លើស្មៅក្បែរផ្លូវរទេះភ្លើងគ្របក្រណាត់ស ដោយគ្មានញាតិ មិត្តណាមកជួយបន្តិចសោះ ។
ចៃដន្យក្រុមសារព័ត៌មានយើងបានទៅដល់លោកពូម្នាក់ ដែលគាត់ស្នាក់នៅលើដីឱ្យគេនៅខាងមុខក៏បានប្រាប់អ្នក សារព័ត៌មានយើងថា គាត់គ្មានញាតិមិត្តទេ គឺរសាត់អណ្តែតមកពីឃុំទន្លាប់ ស្រុកគីរីវង្ស ខេត្តតាកែវ ។
គាត់មានប្រសាសន៍ទៀតថា ខ្ញុំបានរត់ទៅប្រាប់ប្រធានភូមិ និងប្រធានប៉ុស្តិ៍ឱ្យជួយអន្តរាគមន៍ ធ្វើកុសលវិច្ឆ័យត្រឹម ត្រូវ ដោយបានរាយការណ៍ទៅថ្នាក់លើស្នើសុំឡានដឹកសពយកទៅបូជាទាំងយប់ និងបានដើរប្រមូលសុំបច្ច័យពីបងប្អូនជិតខាង ជាង ១លានរៀល ជួយគ្រួសារសព ។ លោកពូមានប្រសាសន៍ទៀតថា សូមបងខាងសារព័ត៌មានមេត្តាជួយយកបុណ្យផង ជួយផ្សាយឡើងរឿងដ៏សែនអាណោចអាធម៌នេះ ឱ្យបានឮដល់ប៉ុស្តិ៍ហង្សមាស និងជាពិសេសដល់សប្បុរសជន សម្តេច ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ទាំងក្នុងប្រទេស និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកាក្តី គ្រឿងឧបភោគ បរិភោគក្តី ដល់គ្រួសារទុរគតនេះផង ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាម្លប់ដ៏ត្រជាក់របស់ប្រជាពលរដ្ឋ សូមសម្តេចទាំងពីរ មេត្តាករុណាដល់គ្រួសារនេះផង ។
ក្រុមសារព័ត៌មានយើងខ្ញុំមានសារព័ត៌មានវិរៈជ័យ និងវិរៈជាតិ,កម្ពុជាអភិវឌ្ឍន៍ និងឆន្ទៈខ្មែរ ចូលរួមមរណៈទុក្ខ ដោយក្តីសង្វេគ សម្តេច-លោកជំទាវ ឯកឧត្តម អស់លោក-លោកស្រី បើមានក្តីសប្បុរសជួយ សូមទំនាក់ទំនងទូរស័ព្ទលោកពូ ដែលជួយគ្រួសារសពលេខ ០៧០ ៤៨ ៤៤ ៦០/០១៦ ៣៧ ៥៤ ៩០ សូមបញ្ជាក់ផងថា ឥឡូវទាំងម្តាយទាំងកូនកំព្រាចំនួន ៣នាក់ លោកពូយកមកថែរក្សាហើយ ៕
ដោយ ៖ លឹម សារី







