កែប ៖ នៅព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកែប បានធ្វើពិធីប្រកាសសុពលភាពជាផ្លូវការ ក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៤របស់ខ្លួនទាំង៥ឃុំ សង្កាត់ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សានិងសមាជិកគ្រប់បណ្តាឃុំ សង្កាត់ ទូទាំងខេត្ត។
ការប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាឃុំឬសង្កាត់ (មេឃុំ ចៅសង្កាត់) ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២និងសមាជិសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានប្រព្រឹត្តឡើងតាមការកំណត់ក្នុងពេលតែមួយ ដោយបានរៀបចំឡើងតាមបណ្តាឃុំ សង្កាត់និមួយៗ។
ជាមួយនឹងថ្ងៃដ៏វិសេសវិសាលនេះ អាជ្ញាធរក្នុងរដ្ឋបាលខេត្ត គ្រប់លំដាប់ថ្នាក់ក៏មានការមមាញឹក បែងចែកតួនាទីសម្រាប់រៀបចំពិធីឲ្យបានទាន់ពេលវេលា ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់និងផ្សព្វផ្សាយគោលការណ៍ថ្មីៗសម្រាប់ឲ្យក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៤ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះមេឃុំ ចៅសង្កាត់ទាំង៥នៃរដ្ឋបាលខេត្តកែប ក៏បានឡើងប្តេជ្ញាចិត្តដូចគ្នាថា នឹងខិតខំ អនុវត្តតាមទិសដៅរបស់រាជរដ្ឋាភិបាល ពិសេសតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ គឺធ្វើការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់មិនប្រកាន់និន្នាការនយោបាយ មិនប្រព្រឹត្តអំពើពុករលួយ និងខិតខំអភិវឌ្ឍន៍ឃុំ សង្កាត់ឲ្យមានភាពរីកចម្រើនជាលំដាប់។
ជារួមក្នុងរដ្ឋបាលខេត្តកែបទាំងមូល ត្រូវបានបែងចែកជា៥ឃុំ សង្កាត់ មាន៣១អាសន្នៈ រួមមាន៖ទី១-សង្កាត់កែប មាន៥អាសន្នៈ ទី២-សង្កាត់ព្រៃធំមាន៧អាសន្នៈ ទី៣-សង្កាត់អូរក្រសារមាន៥អាសន្នៈ ទី៤-ឃុំពងទឹកមាន៧អាសន្នៈ និងទី៥-ឃុំអង្កោលមាន៧អាសន្នៈ។
ជាលទ្ធផលផ្លែផ្កា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការបោះឆ្នោតសភា គ្រប់អាណត្តិ គឺខេត្តកែប តែងតែទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនឥតគណនា ហើយទទួលបានជោគជ័យគួរកត់សម្គាល់។លើសពីនេះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៤កន្លងទៅនេះ ខេត្តកែបទទួលបានពិន្ទុ៥ស្មើនឹង០គឺ(CPP=5ចំណែកCNRP=O)។ដូច្នេះក្នុងការប្រកាសសុពលភាពនៅព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០១៧នោះ តំណែងមេឃុំ ចៅសង្កាត់CPPនៅតែរក្សាតំណែងដូចអាណតិ្តមុនៗដដែល ៕
ណារិទ្ធ









