កែប ៖ បូកសរុបលទ្ធផលកិច្ចសហប្រតិបតិ្តរយៈពេល២ឆ្នាំ រវាងខែត្តកែប(កម្ពុជា)ខេត្តគៀងយ៉ាង(វៀតណាម)ឆ្នាំ២០១៥-២០១៦និងលើកទិសដៅអនុវត្តន៍ឆ្នាំបន្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ជាប្រធានគណៈប្រតិភូរដ្ឋបាលខេត្ត និងលោកផាម វ៉ូ ហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ព្រមទាំងប្រតិភូអមដំណើរនៃភាគីទាំងពីរ។ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ០៦ខែកក្កដា ឆ្នាំ២០១៧ ក្នុងសាលប្រជុំសាលាខេត្តកែប។
ដោយអនុវត្តផែនការកិច្ចសហប្រតិបតិ្តការរវាងនគរបាលប្រទេសវៀតណាមនិងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។កាលពីឆ្នាំ២០១៥និង២០១៦នគរបាលខេត្តគៀងយ៉ាង និងនគរបាលខេត្តកែបបានបន្តកិច្ចសហប្រតិបតិ្តការ លើកផែនការជាក់ស្តែងនិងដំណើរការអនុវត្តយ៉ាងម៉ឺងម៉ាត់ការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ។ ឈរលើស្មារតីសាមគ្គីភាពជាធ្លុងមួយនោះ ជារៀងរាល់ឆ្នាំនគរបាលគ្រប់លំដាប់ថ្នាក់របស់ខេត្តទាំងពីរ គៀងយ៉ាងនិងខេត្តកែប បានប្តូរវេនគ្នាដើម្បីធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលនិងបន្តចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន និងលម្ហសមុទ្រ។
លោកផាម វ៉ូ ហុង ប្រធានគណៈប្រតិភូខេត្តគៀងយ៉ាង(វៀតណាម)បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៥-២០១៦ កងកម្លាំងដែលមានសមត្ថកិច្ចរបស់ភាគីទាំងពីរ បានសហការផ្សព្វផ្សាយអប់រំប្រជានេសាទឲ្យគោរពតាមសន្ធិសញ្ញាស្តីពីដែនទឹកប្រវតិ្តសាស្ត្រវៀតណាម-កម្ពុជា កិច្ចព្រមព្រៀងរវាងខេត្តគៀងយ៉ាងនិងខេត្តកែប អនុស្សារណៈយោគយល់គ្នារវាងគណៈបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ខ្លឹមសារកិច្ចប្រជុំរវាងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងជាមួយនាយកដ្ឋាននគរបាលការពារព្រំដែនទឹកកម្ពុជា។
ជាមួយគ្នានេះ លោកកែន សត្ថា ប្រធានគណៈប្រតិភូ រដ្ឋបាលខេត្តកែប បានមានប្រសាសន៍ថា លទ្ធផលនៃកិច្ចសហប្រតិបតិ្តការដែលសម្រេចបានដោយខេត្តទាំងពីរ គឺពិតជាបានឆ្លើយតបចំពោះឆន្ទៈនយោបាយដ៏មោះមុតរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជានិច្ចកាលបានប្តេជ្ញាចិត្តក្នុងការថែរក្សា ពង្រឹង ពង្រីកចំណងទំនាក់ទំនងជាមិត្តភាព និងជាប្រពៃណីរវាងប្រទេសយើងទាំងពីរ(កម្ពុជា-វៀតណាម)ដែលជាប្រទេសមានភូមិផងជាមួយគ្នា។ទន្ទឹមនឹងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបតិ្តការ ខេត្តយើងទាំងពីរក៏បានមកដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់រាជរដ្ឋាភិបាល រដ្ឋាភិបាល ពីក្រសួង ស្ថាប័ននានា មន្ទីរ អង្គភាព និងប្រជាជននៃខេត្តយើងទាំងពីរផងដែរ ៕
ណារិទ្ធ




