(កំពត)៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០១៧បានចុះទៅបង្ក្រាបទីតាំងលេងល្បែងអាប៉ោងនិងខ្លាឃ្លោក មួយកន្លែង ស្ថិតក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយបានឃាត់ខ្លួនអ្នកញៀនល្បែង៩នាក់និងម៉ូតូចំនួន៩គ្រឿង ព្រមទាំងដកហូតវត្ថុតាងសម្ភារៈល្បែងមួយចំនួន។
ការបង្ក្រាបល្បែងស៊ីសងខាងលើនេះ បានធ្វើឡើង ដោយមានការសម្របសម្រួលពីលោក ខាន់ សុផល តំណាងអយ្យការអមសាលាដំបូងខេត្តកំពត និងដឹកនាំកំលាំងផ្ទាល់ដោយលោកវរសេនីយទោលក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយសមត្ថកិច្ចស្រុកកំពង់ត្រាចផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកញៀនទាំង៩នាក់ខាងលើរួមមាន៖ទី១.ឈ្មោះ គុយ សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ទី២.ឈ្មោះ យួន ស៊ន ភេទប្រុស អាយុ៣៥ឆ្នាំ ទី៣.ឈ្មោះ ហ៊ីង សារិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំ ទី៤.ឈ្មោះ ភួង ប៊ុនធី ភេទប្រុស អាយុ ៣៤ឆ្នាំ ទាំង៤នាក់នេះមានទីលំនៅក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ទី៥.ឈ្មោះ ខៀវ ធា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ទី៦.ឈ្មោះ តូ សុខា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ កំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ទី៧.ឈ្មោះ អុយ ឌី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ទី៨.ឈ្មោះ អ៊ុក សុផា ភេទប្រុស អាយុ៥៣ឆ្នាំនិងទី៩.ឈ្មោះ ណុំ សុភារៈ ភេទប្រុស អាយុ១៩ឆ្នាំ ២នាក់នេះរស់នៅក្នុងភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង៩នាក់និងវត្ថុតាង សមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ ៕
ណារិទ្ធ




