ខេត្តក្រចេះ ៖ សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញប្រពន្ធឈ្មោះនី និងប្តីឈ្មោះអាត ដែលគេនិយមហៅនី-អាតជាឈ្មួញដ៏ល្បីប្រចាំខេត្តក្រចេះ មិនដែលមានការបង្ក្រាប ពីសមត្ថកិច្ចនិងមន្ត្រីជំនាញនោះទេ គឺមានតែសមត្ថកិច្ចអាជ្ញាធរជំនាញជាច្រើន ស្ថាប័នយកលុយពីឈ្មួញនី-អាតរបៀបជាក្បាលឡានជាប្រចាំខែ និងមានសមត្ថកិច្ចអាជ្ញាធរខ្លះ មិនត្រឹមយកលុយខែយកលុយថ្លៃក្បាលឡានប៉ុណ្ណោះទេ ពួកគេក៏ជាប់ពាក់ព័ន្ធចូលហ៊ុនខ្យល់រកស៊ីឈើជាមួយឈ្មួញនី-អាត ថែមទៀតផង។
សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញនី-អាតធ្វើឡើងរៀងរាល់យប់ដោយប្រើឡានយីឌុបធ្វើជាមធ្យោបាយដឹកជញ្ជូនជាក់ស្តែងនៅយប់ថ្ងៃទី១ខែកក្កដាឆ្នាំ២០១៧រថយន្តធុនយក្សរបស់ឈ្មួញនី-អាតនិងឈ្មួញឈ្មោះសាលតំណាងអោយក្រុមហ៊ុនតុងមិនបាននិងកំពុងសម្រុកដឹកឈើចេញពីស្រុកសំបូរទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងតាមច្រកវ៉ាលឺប៉ុស្តិ២ប៉ុស្តិ៣ប៉ុស្តិក្រញូងនិងតាមទីតាំងគ្រប់គ្រងដោយទាហានវរះលេខ២០៤នៅក្រោមក្រសែភ្នែកសមត្ថកិច្ចអាជ្ញាធរមន្ត្រីជំនាញដែលចាំតែគិតបូកតួលេខនិងរាប់ក្បាលឡានយកលុយប៉ុណ្ណោះ។
ប្រជាពលរដ្ឋរស់នៅស្រុកសំបូរឃុំអូរគ្រៀងនិងជុំក្បាលដំរីបានលើកឡើងថាអាជ្ញាធរស្រុកសំបូរនិងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងថ្មគ្រែនិងសណ្ដាន់បានឃុបឃិតគ្នាជាមួយឈ្មួញនី-អាតពិសេសបទល្មើសដឹកជញ្ជូនឈើនៅកោះខ្ញែរនិងនៅអូរព្រះឈ្មួញនី-អាតប្រើរថយន្តធុនធំផ្ទុកដឹកបំផ្លាញផ្លូវស្ពានក៏មិនដែលមាននរណាហ៊ានហើបមាត់។ ជាក់ស្តែងឈ្មួញនី-អាតបានធ្វើអោយបាក់ស្ពានយ៉ាងតិចចំនួន៣លើកមកហើយតែអាជ្ញាធរសមត្ថកិច្ចជំនាញធ្វើមិនដឹងមិនឮដោយសារតែឈ្មួញនី-អាតចាយលុយបិទមាត់៕




