កំពត ៖ សពនារីវ័យក្មេងម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងស្រះទឹកនៃបរិវេណវត្តដីក្រហម ក្នុងស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៧ ហើយករណីខាងលើសមត្ថកិច្ចផ្តោតការសង្ស័យ ជាការចាប់រំលោភមិនបានសម្រេច ទើបឃាតករសម្លាប់បំបិទមាត់តែម្តង។
សមត្ថកិច្ចខេត្តកំពត បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ួន សុភ័ក្គ្រ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ត្រូវបានឃាតករនាំមកសម្លាប់រួចរុញទំលាក់ចូលស្រះទឹកមួយកន្លែងក្នុងវត្តដីក្រហម ស្ថិតក្នុងភូមិសាស្ត្រស្រុកឈូក ដោយករណីនេះឃាតករអាចជាមនុស្សស្គាល់គ្នា ហើយបានដឹកនារីរងគ្រោះពីភូមិសាស្ត្រ ស្រុកជុំគិរី មកក្នុងបរិវេណវត្តខាងលើកាលពីយប់មិញ ដើម្បីរំលោភសេពសន្ទវៈលុះនារីរងគ្រោះមិនព្រមទើបមានការប្រទែងប្រទង់គ្នា ទីបំផុតឃាតករក៏សម្លាប់នារីរងគ្រោះដើម្បីបំបិទមាត់រួចហើយបោះសាកសពចូលក្នុងស្រះនៃទីតាំងវត្តខាងលើ រួចគេចខ្លួនបាត់ស្រមោល។
នេះគ្រាន់ជាការវាយតម្លៃបឋមរបស់សមត្ថកិច្ចជំនាញប៉ុណ្ណោះ ហើយការពិតយ៉ាងណានឹងបានលាតត្រដាង ខណៈ ឃាតករត្រូវបានវែកមុខ។
បើតាមការពិនិត្យធ្វើកោសល្យវិច្ច័យ ពីសំណាក់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា នារីរងគ្រោះអាចស្លាប់ក្នុងចន្លោះម៉ោង២៣យប់ ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧ ហើយសពក៏មានស្លាកស្នាមរបួសផ្នែកក(បាក់ក)សង្ស័យស្ត្រីរងគ្រោះខំរើបម្រះពីក្រញាំបិសាចតណ្ហា ដោយជនសង្ស័យជាឃាតករខ្លាចបែកការណ៍ទើបកាច់កនារីរងគ្រោះសម្លាប់ចោលតែម្តង ប៉ុន្តែការរំលោភនេះមិនទាន់បានសម្រេចនៅឡើយទេ។
ក្រោយពីពិនិត្យរួចរាល់សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន។ចំពោះករណីឃាតកម្មដ៏សាហាវឃោឃៅនេះ សមត្ថកិច្ចបាន និងកំពុងដុតដៃ ដុតជើងយ៉ាងក្តៅគគុកដើម្បីបំបែកសំណុំរឿងមួយនេះឲ្យបានជោគជ័យ ដោយសង្ឃឹមថា ឃាតករមិនអាចគេចរួចពីសំនាញ់ច្បាប់ទៅចុះ ៕
ណារិទ្ធ





