កែប ៖ ថ្វីត្បិតប្រជាកសិករទូទាំងខេត្តកែប បាននិងកំពុងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ គ្រប់ប្រភេទនិងបានប្រមូលផលច្រើនបែបណា ក៏នៅតែលក់ពុំសូវបានថ្លៃដូចបន្លែ បង្កាដែលនាំចូលមកពីប្រទេសជិតខាងដែរ ។ យ៉ាងណាមិញ ការប្រមូលផលល្ពៅ ដែលជាបន្លែសំបូរដោយជាតិវិតាមីននោះ បែរជាមានតម្លៃថោកស្ទើពុំគួរឲ្យជឿ ។
បើតាមការត្អូញត្អែរពីសំណាក់អ្នកដាំល្ពៅ នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប បានលើកឡើងដូចគ្នាថា ទោះជាពួកគាត់ខិតខំដាំដំណាំរួមផ្សំ ពិសេសដំណាំល្ពៅតែម្តង ពេលប្រមូលផលម្តងៗគឺបានច្រើនគគោក ប៉ុន្តែពេលលក់ចេញ ហាក់ពុំបានថ្លៃទាល់តែសោះ ហើយបើយកប្រាក់មកទូទាត់ជាមួយកម្លាំងពលកម្មវិញ ពិតជាទឹកភ្នែកជូតក្បាលជង្គង់មិនខាន។ពួកគាត់បានបញ្ជាក់ថា ល្ពៅឆ្នាំនេះបើឈ្មួញមករកទិញគឺរើសយកតែពូជល្ពៅណាមានសាច់ណែនស្អិតល្អលេខ១ ដោយឲ្យតម្លៃដល់ពួកគាត់ក្នុង១គក្រ ត្រឹមតែ៤០០រៀលប៉ុណ្ណោះ។ក្នុងតម្លៃដ៏ថោកនេះបើគាត់មិនលក់ក៏មានអ្នកផ្សេងលក់ដែរ អីចឹងមានតែបិទភ្នែកថ្លឹងលក់នឹងគេក្រែងបានកម្រៃខ្លះមកទូទាត់ថ្លៃជីនិងថ្លៃពលកម្មទៅចុះ។
ពួកគាត់បានអះអាងថា ទោះជាបន្លែល្ពៅដែលជាកសិផលក្នុងស្រុកលក់ មិនបានថ្លៃដូចបន្លែនានានាំចូលពីប្រទេសជិតខាងបែបនេះក្តីតែបន្លែប្រភេទល្ពៅពិតជាផ្តល់នូវសារសំខាន់យ៉ាងច្រើនសំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផងដែរ ។ ជាងនេះ បន្លែល្ពៅក្រៅពីតម្រូវការផ្នែកអាហារមនុស្សលោក ក៏ត្រូវគេចាត់ទុកជាទន់មួយយ៉ាងគាប់ប្រសើរក្នុងការកែច្នៃជាចំណីសត្វគ្រប់ប្រភេទទៀតផង ចុះហេតុអី្វបានជាបន្លែប្រភេទនេះគ្មានទីផ្សារទៅវិញ។ម្យ៉ាងទៀតការដាំដំណាំគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា គឺពុំសូវបានប្រើប្រាស់ សារជាតិគីមីដែលបង្កឲ្យរំខានដល់សុខភាពនោះទេ ប៉ុន្តែមហាជនភាគច្រើនបែរជាមើលរំលង ហើយនាំគ្នាឲ្យតម្លៃតែរបស់នាំចូលមកពីប្រទេសក្រៅទៅវិញ បែបនេះហើយទើបកសិផលក្នុងស្រុកគ្មានតម្លៃនិងគ្មានទីផ្សារដូចគេនោះ។
ប្រជាពលរដ្ឋក្នុងភូមិកែវក្រសាំងទាំងមូល សំណូមពរដ៏ទទូច ដល់ស្ថាប័នពាក់ព័ន្ធមេត្តា ជួយរិះរកវិធានការណាមួយ ដើម្បីជំនួយរកទីផ្សារក្នុងស្រុកឲ្យមានលំនឹងដ៏ជាក់លាក់ សម្រាប់ឲ្យពួកគាត់នាំយកកសិផលទៅប្រកួតប្រជែង ក៏ដូចជាជួយជម្រុញជីវភាពរបស់ពួកគាត់ឲ្យកាន់តែមានកម្រិតធូរធាផងដែរ ៕
ណារិទ្ធ






