ប្រកាសតែងតាំង លោក ឌុច ចាន់តូ ចូលកាន់តំណែងជាអភិបាលរងខេត្តរតនគិរី
(រតនគិរី)៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្ត១រូប ក្រោមអធិបតីភាពលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បន្ទាប់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងស្វាគមន៍ និងជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពរបស់ខេត្តរួចមក តំណាងក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យសម្រេចតែងតាំងលោក ឌុច ចាន់តូ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែថ្នាក់ទី៣ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តរតនគិរី។
នៅក្នុងឱកាសនោះ លោក ងី ច័ន្ទ្រផល បានថ្លែងកោតសរសើរអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការដែលបានចូលរួមចំណែកក្នុងការរក្សាស្ថេរភាពសង្គមបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើ គណៈអភិបាលខេត្តក្រុងស្រុក ព្រមទាំងមន្ត្រីរាជការទាំងអស់ ក្នុងខេត្តត្រូវពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹមអនុវត្តឲ្យបាននូវគោល នយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនេះត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលបង្កអស្ថេរភាពសង្គមប៉ះពាល់ដល់សន្តិសុខជាតិ, ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀនទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ដែលរដ្ឋាភិបាលដាក់ចេញ៕














