(កំពង់ស្ពឺ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការពង្រឹងសមត្ថភាព និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសមភាពយេនឌ័រ និងកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។
សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តល់អាទិភាពខ្ពស់លើការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងអនុវត្តយ៉ាងសកម្មតាមផែនការយុទ្ធសាស្ត្រ «នារីរតនៈ» ដែលជាសសរស្តម្ភទ្រទ្រង់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការបន្តចាត់ទុកស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
សម្ដេចបានអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដើម្បីធានាថាពួកគេមិនត្រូវបានបោះបង់ចោលក្នុងសង្គមទំនើប។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរចំពោះលោកស្រី ម៉េង វ៉ាន់ដានីន ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយស និងលោកស្រី គា សុភូ ជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំថ្មី ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីធ្វើជាសេនាធិការដ៏រឹងមាំរបស់រដ្ឋបាលខេត្ត, បង្កើនកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ភាពអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
សម្តេចថា «ការកែសម្រួលសមាសភាពសមាគមនារីនាពេលនេះ មិនត្រឹមតែជាការពង្រឹងរចនាសម្ព័ន្ធស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែជាការត្រៀមលក្ខណៈឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព និងបរិយាបន្នផងដែរ»៕




