ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បង្ហាញជំហរដ៏ម៉ឺងម៉ាត់ក្នុងការកែទម្រង់ និងដឹកនាំប្រទេសកម្ពុជា ដើម្បីឱ្យក្លាយជាប្រទេសខ្លាំង បន្ទាប់ពីទាញយកមេរៀនពីសង្គ្រាម និងវិបត្តិនានា ដែលកំពុងកើតឡើងតាមតំបន់និងជុំវិញពិភពលោក។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ…

នៅពេលដែលពិភពលោក កំពុងរអិលចូលទៅក្នុងសម័យនៃភាពមិនប្រាកដប្រជាដោយសារការប្រែប្រួលយុទ្ធសាស្ត្រ និងការប្រកួតប្រជែងអំណាច, ការរក្សាសន្តិភាព មិនអាចពឹងផ្អែកលើសំណាង ឬការជួយពីអ្នកដទៃទៀតបានទេ។ សម្រាប់ប្រទេសតូចដូចកម្ពុជា សន្តិភាព មិនមែនជាអំណោយពីខាងក្រៅឡើយ។ វាជាលទ្ធផលនៃកម្លាំងខាងក្នុងគឺ កម្លាំងដែលត្រូវបានកសាងឡើង តាមរយៈវិស័យការពារជាតិ សេដ្ឋកិច្ច និងធនធានមនុស្ស។

ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦មេសាឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា «ដើម្បីការពារសន្តិភាព យើងត្រូវតែខ្លាំង» មិនមែនជាប្រសាសន៍នយោបាយធម្មតាទេ ប៉ុន្តែជាការបញ្ជាក់អំពីយុទ្ធសាស្ត្រជាតិមួយ ដែលមានមូលដ្ឋានលើបទពិសោធន៍ប្រវត្តិសាស្ត្រ និងការវិភាគអនាគត។

* ពិភពលោកមិនមានសុវត្ថិភាពសម្រាប់អ្នកខ្សោយ

បច្ចុប្បន្ននេះពិភពលោក កំពុងបង្ហាញយ៉ាងច្បាស់នូវការកើនឡើងនៃសង្គ្រាមតំបន់, ការប្រកួតប្រជែងអំណាចរវាងប្រទេសធំៗ និងភាពខ្សោយកាន់តែច្បាស់នៃយន្តការអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសតូចៗ កាន់តែប្រឈមនឹងហានិភ័យខ្ពស់ ព្រោះពួកគេមិនអាចធានាបានថា នឹងមាននរណាម្នាក់ មិនថាជាប្រទេសមិត្ត ឬស្ថាប័នអន្តរជាតិ អាចចូលមកការពារពួកគេ នៅពេលមានវិបត្តិបានទាន់ពេលវេលា និងមានប្រសិទ្ធភាពឡើយ។

សូម្បីតែអង្គការសហប្រជាជាតិ ដែលធ្លាប់ត្រូវបានមើលឃើញថា ជាទីពឹងសម្រាប់ប្រទេសទន់ខ្សោយ ក៏កំពុងប្រឈមនឹងកម្រិតសមត្ថភាពកំណត់ក្នុងការចូលមកទប់ស្កាត់ ឬរារាំងសកម្មភាពបំពានពីប្រទេសមានអំណាចធំៗនោះដែរ។ ស្ថានភាពនេះបង្ហាញថា ប្រព័ន្ធអន្តរជាតិ មិនមែនជាប្រព័ន្ធអាចធានាសុវត្ថិភាពពេញលេញសម្រាប់ប្រទេសតូចៗទៀតឡើយ។

សូម្បីតែអង្គការសហប្រជាជាតិ ដែលធ្លាប់ត្រូវបានមើលឃើញថា ជាទីពឹងសម្រាប់ប្រទេសទន់ខ្សោយ ក៏កំពុងប្រឈមនឹងកម្រិតសមត្ថភាពកំណត់ក្នុងការចូលមកទប់ស្កាត់ ឬរារាំងសកម្មភាពបំពានពីប្រទេសមានអំណាចធំៗនោះដែរ។ ស្ថានភាពនេះបង្ហាញថា ប្រព័ន្ធអន្តរជាតិ មិនមែនជាប្រព័ន្ធអាចធានាសុវត្ថិភាពពេញលេញសម្រាប់ប្រទេសតូចៗទៀតឡើយ។

ក្នុងបរិបទនេះ ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលេចធ្លោយ៉ាងច្បាស់ថា ការការពារសន្តិភាព មិនអាចពឹងផ្អែកលើអ្នកដទៃទេ ប៉ុន្តែត្រូវផ្អែកលើកម្លាំងខ្លួនឯង៖«សន្តិភាពនេះ ទី១ ពិបាករក ទី២ ពិបាកថែទាំ ហើយនៅក្នុងបរិបទពិភពលោកកំពុងប្រែប្រួល ដើម្បីការពារសន្តិភាព គឺយើងត្រូវតែខ្លាំង… ហើយគ្មានអ្នកណាមកការពារឱ្យយើងទេ… ត្រូវខ្លាំងទាំងវិស័យការពារជាតិ និងសេដ្ឋកិច្ចជាតិ»។

សារនេះមានន័យជាក់ស្តែងថា សម្រាប់កម្ពុជា ការពឹងផ្អែកលើយន្តការខាងក្រៅត្រឹមតែជាជម្រើសបន្ថែម ប៉ុន្តែមិនអាចជាគន្លឹះសំខាន់បានទេ។ គន្លឹះសំខាន់ពិតប្រាកដ គឺការកសាងសមត្ថភាពខាងក្នុងឱ្យរឹងមាំ ចាប់ពីវិស័យការពារជាតិ ដល់សេដ្ឋកិច្ច និងធនធានមនុស្ស ដើម្បីអាចទប់ស្កាត់ហានិភ័យ និងការពារអធិបតេយ្យភាពជាតិបានដោយខ្លួនឯង។ នៅក្នុងយុគសម័យថ្មីនេះ កម្លាំងមិនត្រឹមតែមានន័យថា អាវុធ ឬកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងសមត្ថភាពសេដ្ឋកិច្ច ការគ្រប់គ្រងជាតិ និងគុណភាពធនធានមនុស្សផងដែរ។ ប្រទេសដែលអាចបង្រួបបង្រួមកត្តាទាំងនេះបានយ៉ាងមានប្រសិទ្ធភាព នឹងក្លាយជាប្រទេសដែលអាចរក្សាសន្តិភាពរបស់ខ្លួនបានយូរអង្វែង។

* កម្លាំងការពារជាតិ គឺជាគ្រឹះនៃសន្តិភាព

ការពង្រឹងវិស័យការពារជាតិ មិនមែនជាការត្រៀមសង្គ្រាមទេ ប៉ុន្តែជាវិធានការសំខាន់បំផុតក្នុងការការពារសន្តិភាព។ ប្រវត្តិសាស្ត្រ និងបទពិសោធន៍អន្តរជាតិ បានបង្ហាញថា ប្រទេសដែលមានសមត្ថភាពការពារខ្លួនខ្លាំង គឺជាប្រទេសដែលអាចទប់ស្កាត់ការគំរាមកំហែង និងរក្សាស្ថិរភាពបានយូរអង្វែង។ កម្លាំងការពារជាតិ ដូច្នេះ មិនមែនជាឧបករណ៍សម្រាប់បង្កសង្គ្រាមទេ ប៉ុន្តែជាឧបករណ៍បង្កើត «ការការពារ» ដែលធ្វើឲ្យអ្នកដទៃត្រូវគិតសិន មុននឹងធ្វើសកម្មភាពបំពាន។ នោះហើយគឺជាគោលការណ៍ការពារនៅក្នុងយុទ្ធសាស្ត្រសន្តិសុខសម័យថ្មីនេះ។

ក្នុងបរិបទនេះដែរ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសចិន នាយឧត្តមនាវី តុង ជុន ដែលបានធ្វើទស្សនកិច្ចជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅកម្ពុជាកាលពីសប្តាហ៍មុន បានបញ្ជាក់យ៉ាងច្បាស់អំពីការគាំទ្ររបស់ចិន ចំពោះការធ្វើទំនើបកម្មយោធារបស់កម្ពុជា។ កិច្ចពិភាក្សាជាមួយសមភាគីកម្ពុជា មិនត្រឹមតែផ្តោតលើការបង្កើនសមត្ថភាពការពារជាតិលើដែនគោក ដែនទឹក និងដែនអាកាសប៉ុណ្ណោះទេ ប៉ុន្តែបញ្ជាក់ពីការកសាងទំនុកចិត្តយុទ្ធសាស្ត្ររយៈពេលវែង និងការសម្របសម្រួលសន្តិសុខក្នុងតំបន់ផងដែរ។

ការលើកកម្ពស់យន្តការ «២+២» និងការពង្រីកទៅជា «៣+៣» ដែលរួមបញ្ចូលវិស័យការពារជាតិ ការទូត និងសន្តិសុខផ្ទៃក្នុង បង្ហាញថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន កំពុងឈានចូលទៅកម្រិតថ្មីមួយ ដែលជាការសម្របសម្រួលគ្រប់ស្ថាប័នរដ្ឋក្នុងទិសដៅតែមួយ ដើម្បីពង្រឹងស្ថិរភាព និងសន្តិសុខ ទាំងក្នុងប្រទេស និងក្នុងតំបន់។ ទាំងនេះមិនមែនជាការពង្រឹងយោធាតែប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងប្រព័ន្ធសន្តិសុខជាតិដ៏គ្រប់ជ្រុងជ្រោយ ដែលអាចឆ្លើយតបទៅនឹងហានិភ័យសម័យថ្មី ចាប់ពីជម្លោះប្រពៃណី រហូតដល់បញ្ហាសន្តិសុខមិនប្រពៃណី។

នៅជាមួយគ្នានេះ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី ក៏ជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការបង្កើតកម្លាំងបម្រុង និងពង្រឹងសមត្ថភាពការពារជាតិពីមូលដ្ឋាន។ វាមិនត្រឹមតែបង្កើនចំនួនកម្លាំងទេ ប៉ុន្តែមានគោលបំណងបណ្ដុះស្មារតីស្នេហាជាតិ វិន័យ និងការទទួលខុសត្រូវរបស់ពលរដ្ឋចំពោះមាតុភូមិ។ ក្នុងបរិបទពិភពលោកដែលកំពុងក្លាយជាកន្លែងប្រកួតប្រជែងអំណាចយ៉ាងតានតឹង ការមានកម្លាំងការពារជាតិរឹងមាំ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារសន្តិភាព។ ព្រោះនៅទីបំផុត សន្តិភាព មិនអាចរក្សាបាន ដោយការសុំទេ ប៉ុន្តែត្រូវរក្សាដោយសមត្ថភាពពិត សមត្ថភាពដែលធ្វើឲ្យអ្នកដទៃគោរព និងមិនហ៊ានបំពាន។

* សេដ្ឋកិច្ចខ្លាំង៖ សន្តិភាពរឹងមាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងសេដ្ឋកិច្ច គឺជាគន្លឹះសម្រាប់ការពារជាតិ និងការរក្សាសន្តិភាពយូរអង្វែង។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៥,០០០នាក់ ក្នុងពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
សម្តេចធិបតីបានថ្លែងថា៖ «(យើង) ដាក់ទិសដៅនេះទៅ (មាន) សេដ្ឋកិច្ចខ្លាំង មានលុយពង្រឹង ប្រជាពលរដ្ឋមានជីវភាពរឹងមាំ ចំណេះដឹងរឹងមាំ ហ្នឹងហើយបានការពារសន្តិភាពបាន អត់អាចសុំអ្នកណាបានទេ»។

ប្រសាសន៍នេះបានបង្ហាញយ៉ាងច្បាស់ថា សន្តិភាពមិនអាចបំបែកចេញពីសេដ្ឋកិច្ចបានឡើយ។ ប្រទេសដែលមានសេដ្ឋកិច្ចខ្សោយ តែងតែរងសម្ពាធពីក្រៅ មិនថាជាសម្ពាធនយោបាយ សេដ្ឋកិច្ច ឬសន្តិសុខឡើយ។ ផ្ទុយទៅវិញ ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ អាចក្លាយជាប្រទេស ដែលមានអំណាចក្នុងការសម្រេចចិត្តដោយឯករាជ្យ និងអាចការពារប្រយោជន៍ជាតិរបស់ខ្លួនបាន ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃឡើយ។ លើសពីនេះ ការមានសេដ្ឋកិច្ចខ្លាំង គឺជាមូលដ្ឋានសម្រាប់ ការទ្រទ្រង់ និងធ្វើទំនើបកម្មវិស័យការពារជាតិ, ការកែលម្អជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ និង ការរក្សាស្ថិរភាពសង្គម និងការពារទប់ស្កាត់ការបែកបាក់ផ្ទៃក្នុងថែមទៀត។

នៅក្នុងបរិបទពិភពលោកដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងការប្រកួតប្រជែងធនធាន កម្លាំងសេដ្ឋកិច្ច កាន់តែមានសារៈសំខាន់ក្នុងការការពារអធិបតេយ្យភាពជាតិ។ ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ មិនត្រឹមតែអាចទប់ស្កាត់សម្ពាធពីក្រៅបានទេ ប៉ុន្តែអាចកំណត់ទិសដៅអនាគតរបស់ខ្លួនដោយឯករាជ្យផងដែរ។ ដូច្នេះសម្រាប់កម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនជាគោលដៅផ្ទាល់ខ្លួននៃការរីកចម្រើនប៉ុណ្ណោះទេ។ វាជាគោលការណ៍សន្តិសុខជាតិដ៏សំខាន់គឺ គោលការណ៍ដែលធានាថា សន្តិភាពដែលយើងមានសព្វថ្ងៃ អាចត្រូវបានរក្សាទុក និងបន្តទៅកាន់អនាគតបានយ៉ាងរឹងមាំ។

* ប្រវត្តិសាស្ត្រ ប្រាប់ថា សន្តិភាពត្រូវការការការពារ

សន្តិភាពរបស់កម្ពុជា មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃយុទ្ធសាស្ត្រដ៏ច្បាស់លាស់ និងការប្តេជ្ញាចិត្តយូរអង្វែង។ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានបញ្ចប់សង្គ្រាមពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាចំណុចបញ្ចប់នៃសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ និងជាដំណាក់កាលដំបូងដែលប្រទេសទទួលបានសន្តិភាពពេញលេញសាជាថ្មី។

សន្តិភាពនោះ បានបង្កើតមូលដ្ឋានសម្រាប់ការកសាងជាតិឡើងវិញ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច រហូតដល់ស្ថិរភាពសង្គម។ ទោះជាយ៉ាងណា បទពិសោធន៍ប្រវត្តិសាស្ត្រនេះក៏បង្ហាញយ៉ាងច្បាស់ផងដែរថា សន្តិភាព មិនមែនជាអ្វី ដែលអាចរក្សាទុកដោយខ្លួនឯងបានឡើយ ប្រសិនបើគ្មានការការពារដែលគ្រប់គ្រាន់។ នៅក្នុងបរិបទសម័យថ្មី ការគំរាមកំហែងសន្តិភាពកម្ពុជានៅពេលនេះ មិនមែនដោយសារមកពីសង្គ្រាមផ្ទៃក្នុងដូចមុនទេ ប៉ុន្តែវាគឺជាសម្ពាធមកពីក្រៅ ដោយសារតែការបកស្រាយផែនទីឯកតោភាគីរបស់ភាគីថៃ ដែលផ្ទុយពីច្បាប់របស់សហគមន៍អន្តរជាតិ។

កន្លងមកជម្លោះព្រំដែននេះ ត្រូវបានសម្របសម្រួលតាមយន្តការការទូត និងអន្តរាគមន៍ពីភាគីទី៣ រួមមានប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាន និង Donald Trump ដែលបានជំរុញឱ្យភាគីទាំងពីរចរចា និងឈានដល់កិច្ចព្រមព្រៀងមួយ។ ទោះយ៉ាងណា ស្ថានភាពជាក់ស្តែងបានបង្ហាញថា កិច្ចព្រមព្រៀងអន្តរជាតិ មិនតែងតែអាចធានាការអនុវត្តបានពេញលេញឡើយ ព្រោះការបំពានអាចកើតមានឡើងវិញ នៅពេលបរិបទនយោបាយប្រែប្រួល។ ក្នុងលក្ខខណ្ឌនេះ កម្ពុជាបានជ្រើសរើសអភិក្រមដែលមានភាពជាក់ស្តែង គឺការដោះស្រាយបញ្ហាតាមយន្តការដែលអាចគ្រប់គ្រងបាន ដូចជាយន្តការទ្វេភាគី និងការផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ វាជាវិធីសាស្ត្រដែលស្របតាមគោលការណ៍សកលនៃការគោរពអធិបតេយ្យភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលត្រូវបានសហគមន៍អន្តរជាតិគាំទ្រ។

ដូច្នេះ បទពិសោធន៍ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្ន បានផ្តល់មេរៀនយ៉ាងច្បាស់មួយ៖ សន្តិភាព មិនមែនជាអ្វីដែលអាចទុកឲ្យពឹងផ្អែកលើអ្នកដទៃបានទេ។ សម្រាប់ប្រទេសតូច ការរង់ចាំជំនួយពីក្រៅ មិនមែនជាយុទ្ធសាស្ត្រដែលអាចធានាសុវត្ថិភាពបានឡើយ។ ផ្ទុយទៅវិញ តែការកសាងកម្លាំងខាងក្នុង និងការការពារដោយខ្លួនឯង ប៉ុណ្ណោះ ដែលអាចធានាថា សន្តិភាពនឹងត្រូវបានរក្សាទុក និងបន្តទៅកាន់អនាគតបានយ៉ាងរឹងមាំ។

សេចក្តីសន្និដ្ឋាន៖ ប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់មេរៀនយ៉ាងច្បាស់មួយ គឺថាក្នុងពិភពលោកដែលមិនប្រាកដប្រជា ភាពខ្លាំងដោយខ្លួនឯង គឺជាកម្លាំងដែលមិនអាចខ្វះបាន ដើម្បីការពារនិងរក្សាសន្តិភាពតាមរយៈការពង្រឹងវិស័យការពារជាតិ សេដ្ឋកិច្ច និងធនធានមនុស្ស។ សម្រាប់កម្ពុជា ភាពខ្លាំង មានន័យថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពការពារខ្លួន, ត្រូវមានសេដ្ឋកិច្ចរឹងមាំ, មានប្រជាពលរដ្ឋដែលជាធនធានប្រកបដោយគុណភាព។ សន្តិភាពដែលយើងទទួលបានពីនយោបាយឈ្នះឈ្នះ មកទល់សព្វថ្ងៃនេះ គឺជាសន្តិភាពដែលរកបានដោយលំបាក ដែលយើងចាំបាច់ត្រូវនាំគ្នាថែរក្សាមិនឱ្យបាត់បង់ឡើយ។ យើងមិនអាចទុកចិត្ត ឬ ពឹងផ្អែកលើអ្នកដទៃ ឱ្យមករក្សាសន្តិភាពរបស់យើងបានទេ។ សន្តិភាព ត្រូវបានការពារដោយកម្លាំង និងសមត្ថភាពខាងក្នុងរបស់ខ្លួនឯង តាមរយៈការប្រឹងប្រែងបន្តកសាងប្រទេសឱ្យក្លាយជាប្រទេសដ៏ខ្លាំងមួយ។ ហើយកម្ពុជា ត្រូវតែបន្តដំណើរនេះ ទៅមុខដើម្បីធានាថា សន្តិភាពនឹងមិនត្រឹមតែត្រូវបានរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែអាចបន្តទៅកាន់អនាគតបានយ៉ាងរឹងមាំ។ សន្តិភាព ត្រូវបានការពារដោយកម្លាំង ដែលយើងកសាងដោយខ្លួនឯងហើយកម្ពុជា ត្រូវតែបន្តប្រឹងប្រែងក្លាយជាប្រទេសខ្លាំង ដើម្បីធានាអនាគតសន្តិភាពរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.