ខេត្តរតនគិរី ៖ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។ ការចុះបង្ក្រាបនោះដែរគេឃើញមាន កម្លាំងអធិការក្រុងបានលុង កងរាជអាវុធហត្ថក្រុង ប៉ូលិសប៉ុស្តិ៍បឹងកន្សែង និងខណ្ឌរដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ដែលដឹកនាំដោយលោកហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរីទើបផ្ទេរពីខេត្តផ្សេងមកខេត្តរតនគិរី ហើយកំពុងតែបញ្ចេញកណ្តាប់ដៃដែកតាមចាប់ឈើដែលស្តុកទុកខុសច្បាប់ក្នុងឃ្លាំងនៅខេត្តរតនគិរី។
បើតាមសមត្ថិច្ចចុះបង្ក្រាបនេះបានអោយអ្នកសារពត៌មានដឹងថា ដោយមានការបញ្ជាពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងកម្លាំងស៊ើបអង្កេតផ្ទះស្តុកឈើនេះជាយូរមកហើយ ទើបព្រឹកថ្ងៃខាងលើនេះកម្លាំងចម្រុះបានចុះឡោមព័ទ្ធ និងឆែកឆេរប្រទះឃើញឈើប្រណិតជាច្រើនរម៉នៅដីឡូត៍នោះតែម្តង តែមិនឃើញម្ចាស់ឈើ។ សមត្ថកិច្ចបានបន្ថែមទៀតថាកម្លាំងរបស់លោកបានរឹបអូសបានឈើប្រណិតរាប់ពាន់ដុំ វត្ថុតាងទាំងនេះបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តែមិនទាន់បានវាស់វែងដឹងចំនួនពិតប្រាកដនៅឡើយទេ។
គួបញ្ជាក់ផងដែរថា ក្រោយពីមានការផ្លាស់ប្តូរព្រះរាជអាជ្ញាថ្មីខេត្តរតនគិរីគេសង្កេតឃើញថាមានការបង្ក្រាបទីតាំងលួចលាក់ស្តុបឈើនៅតាមផ្ទះនៅក្រុងបានលុងជាបន្តបន្ទាប់ដែលត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋអបអរសាទរ ប៉ុន្តែអ្វីដែលពួកគាត់មានការព្រួយបារម្មណ៍នោះខ្លាចក្រែងថាការបង្ក្រាបនេះគ្រាន់តែ សិល្បៈចាប់មួយគំរាមមួយរយ រឺកៀងត្រីអោយចូលស៊ងតែប៉ុណ្ណោះ៕
ជីវ៉ា






