រដ្ឋបាលខេត្តព្រះសីហនុ៖ មានគណនីតេឡេក្រាមក្លែងក្លាយយករូបថតលោក គួច ចំរើន ដើម្បីអូសទាញពលរដ្ឋកម្ពុជាឱ្យបណ្តាក់ទុនវិនិយោគលើគម្រោងជួញដូររូបិយប័ណ្ណឌីជីថលដែលមិនមានប្រភពច្បាស់លាស់
ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃសុក្រទី១១ ខែមីនា ឆ្នាំ២០២២នេះថា៖ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះមានគណនីតេឡេក្រាមឈ្មោះ Chakra Bourey បានយករូបថត លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មកដាក់តាំងក្នុងគណនីរបស់ខ្លួន ជាគណនីក្លែងក្លាយដែលប្រើប្រាស់ជាជនបរទេស និងមានមូលដ្ឋាននៅក្រៅប្រទេស។
ប្រភពដដែលបន្តថា គណនីតេឡេក្រាមឈ្មោះ Chakra Bourey និងបក្សពួកបានបង្កើតគ្រុបតេឡេក្រាមឈ្មោះ APETRONVIC LIMITED ដែលមានសមាជិក ប្រមាណជាង៤០០០នាក់ ដែលសមាជិកទាំងនោះភាគច្រើន ជាគណនីក្លែងក្លាយ ដែលប្រើប្រាស់ដោយជនបរទេស ដើម្បីអូសទាញប្រជាពលរដ្ឋកម្ពុជាឱ្យបណ្តាក់ទុនវិនិយោគលើគម្រោងជួញដូររូបិយប័ណ្ណឌីជីថលដែលមិនមានប្រភពច្បាស់លាស់។
សូមជម្រាបជូនបន្ថែមថា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មិនមានផលរបរ ឬសកម្មភាពពាណិជ្ជកម្មខាងក្រៅជាមួយក្រុមនេះ និងក្រុមផ្សេងទៀតនោះទេ។ សូមបងប្អូនសាធារណជនទាំងអស់ កុំមានការយល់ច្រឡំ និងកុំឱ្យចាញ់ឧបាយកលឆបោករបស់ក្រុមជនខាងលើ ដែលនាំឱ្យអន្តរាយដល់ទ្រព្យសម្បត្តិរបស់ខ្លួន។
ខាងក្រោមនេះជាតំណភ្ជាប់គេហទំព័រ និងគ្រុបតេឡេក្រាមរបស់ក្រុមជនខាងលើ៖
https://apetronvic.com/
https://t.me/+xJzMjNmdXm02MWU0
អាស្រ័យដូចបាន ជម្រាបជូនខាងលើសូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងស្នើសុំសមត្ថកិច្ចដែលមានការពាក់ព័ន្ធធ្វើការស្រាវជ្រាវវែកមុខក្រុមជនខាងលើដើម្បីចាត់ការតាមផ្លូវច្បាប់៕




