ខេត្តកែប សាងសង់រូបសំណាកព្រាបសរ ផ្លូវចូលតំបន់ភ្នំវល្លិ៍ ដើម្បីជានិមិត្តរូបនៃការអរគុណសន្តិភាព និងការអភិវឌ្ឍ
..
(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់រូប សំណាកព្រាបស ស្ថិតនៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើមផ្លូវលេខ១៣៣៥ ឆ្ពោះទៅកាន់តំបន់ភ្នំវល្លិ៍។
ក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់រូបសំណាកព្រាបស នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិយើងឱ្យមានការរីកចម្រើន។
លោកអភិបាលខេត្តបានរំលឹកថា តំបន់ភ្នំវល្លិ៍នេះធ្លាប់ជាទីតាំង សមរភូមិសង្គ្រាមក៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួនធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយរដ្ឋាភិបាល ភ្លើងសង្គ្រាមនៅទីតាំងនេះក៏បានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្មដ៏មានសក្តានុពលរបស់ខេត្តកែប ក្នុងនោះរួមមាន ម្រេច ស្វាយ ត្របែក ខ្នុរ ដូងជាដើម ។
លោកអភិបាលខេត្ត បានបន្ថែមថា រូបសំណាក់ព្រាបស ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះនឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ ៣៣ ងាកមកចាប់រម្មណ៍ទីតាំងនៃតំបន់ អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយ ទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្ម ផងដែរ។
លោកបានបញ្ជាក់អះអាងថា លោកនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍ឱ្យដូចជាសរសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរអាចមកលេង ទឹកសមុទ្រ ញ៉ាំអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត។
សូមបញ្ជាក់ថា រូបសំណាក ព្រាបស នេះ សាងសង់មានទម្រខឿនកម្ពស់បីថ្នាក់ និងរចនាព្រាបស ត្រដាងស្លាប ទុំពីលើកន្ត្រក់ពេញដោយផ្លែឈើចម្រុះ គ្រប់ប្រភេទ៕
សេង ណារិទ្ធ



