អ្នកនាំពាក្យ បញ្ជាក់លក្ខខណ្ឌលុបឈ្មោះកងរាជអាវុធហត្ថចេញពីក្របខ័ណ្ឌ

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់អំពីលក្ខខណ្ឌលុបឈ្មោះ កងរាជអាវុធហត្ថ ចេញពីក្របខ័ណ្ឌ បន្ទាប់ពីមានការសាកសួរពីសាច់ញាតិរបស់កងរាជអាវុធហត្ថម្នាក់ នៅខេត្តរតនគិរី ដែលអះអាងថា ប្អូនរបស់ខ្លួនត្រូវថ្នាក់លើចាំចាប់កំហុស ហើយត្រូវបានថ្នាក់លើលុបឈ្មោះចេញពីក្របខ័ណ្ឌ ក្រោមហតុផលឈប់សម្រាកដោយគ្មានការអនុញ្ញាត និងពាក់ពន្ធ័សារធាតុញៀន ប៉ុន្តែភាគីដែលត្រូវបានលុបឈ្មោះ បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថ អនុវត្តទៅតាមវិន័យរបស់កងទ័ពបុគ្គលណាដែលឈប់ដោយគ្មានការអនុញ្ញាត រហូតដល់ ១៥ ថ្ងៃ ក៏មានការស្នើសុំលុបឈ្មោះចេញពីបញ្ជីកងរាជអាវុធហត្ថដែរ។
ម្យ៉ាងទៀត បុគ្គលដែលមានពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ឬការប្រើប្រាស់គ្រឿងញៀន ក៏ត្រូវតែស្នើឱ្យលុបឈ្មោះ ដូចគ្នាដែរ ឱ្យតែត្រួតពិនិត្យទៅឃើញមានសារធាតុញៀន។
លោក អេង ហ៊ី ពន្យល់ថា “អនុលោមតាមច្បាប់ អនុក្រឹត្យ និងបទបញ្ជា បុគ្គលដែលប្រព្រឹត្តអំពើល្មើសច្បាប់ ឬបោះបង់អង្គភាព សេរី ឈប់លើសពី១៥ថ្ងៃមិនមានការអនុញ្ញាតពីប្រធានអង្គភាពសាមី ត្រូវបានធ្វើសេចក្តីរាយការណ៍តាមឋានានុក្រម ដោយមានកំណត់ហេតុប្រជុំត្រឹមត្រូវ ស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។ ដោយសារស្ថិតនៅក្នុងដំណាក់កាលរៀបចំនីតិវិធី បុគ្គលដែលមានឈ្មោះស្នើ ជំនាញបានបំពេញបែបបទ បញ្ជូនឈ្មោះមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីគ្រប់គ្រងបុគ្គលនោះវិញ”។
តាមកំណត់ហេតុប្រជុំជួរបញ្ជាការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២១ ស្តីពីការស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រងចំនួនទ័ព ដែលជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន៤នាក់ ក្នុងនោះពាក់ព័ន្ធនឹងទ័ពសេរីចំនួន២នាក់ និងការប្រើប្រាស់គ្រឿងញៀនចំនួន២នាក់។
នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេច ស្តីពីការលុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងនោះក៏មានឈ្មោះដែលជាយោធិននៃកងរាជអាវុធហត្ថផងដែរ។
ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់ឱ្យបុគ្គលដែលត្រូវបានលុបឈ្មោះនោះ បង្ហាញភស្តុតាងដល់រូបលោក ប្រសិនបើមានករណីមេចាំចាប់កំហុសកូនចៅថ្នាក់ក្រោមពិតមែន៕


