ភ្នំពេញ ៖ ពិធីមិទ្ទិញរំឭកខួបទី៣៦ នៃទិវាជ័យជម្នះ ៧មករា ( ៧ មករា ១៩៧៩-៧ មករា ២០១៥ ) ត្រូវបានប្រារព្ធធ្វើឡើង ដ៏អធឹកអធមនោះ នាព្រឹកថ្ងៃទី ៧ មករានេះ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅបុរីចំការមន ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចហេងសំរិន និងភរិយា ប្រធានកិត្តិយសគណបក្ស សម្តេច ហ៊ុន សែន អនុប្រធានគណបក្ស និងសម្តេចភរិយា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គណបក្សនយោបាយជាដៃគូសម្ព័ន្ធភាព និងអង្គទូតជាច្រើនទៀត។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានឡើងថ្លែងសន្ទរកថា ក្នុងអង្គមិទ្ទិញ នាព្រឹកនេះថា “យើងប្រារព្ធពិធីបុណ្យរំឮកដល់ទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន”។
សម្តេច ហេង សំរិន បានរម្លឹកពីប្រវត្តិនៃការផ្តួលរំលំរបបខ្មែរក្រហម យ៉ាងដូច្នេះថា “ចលនាបះបោរនៅភូមិភាគបូព៌ា គួបផ្សំនឹងកម្លាំងដែលកសាងបណ្តុះបណ្តាលដោយសម្តេច ហ៊ុន សែន កម្លាំងតស៊ូនៅភូមិភាគឥសាន និងនៅខេត្តកោះកុង ព្រមទាំងប្រជាជនរាប់ម៉ឺននាក់ ដែលភៀសខ្លួនពីរបបប៉ុលពត ទៅប្រទេសវៀតណាម និងឡាវ បានក្លាយជាមូលដ្ឋាននៃកម្លាំងបដិវត្តន៍ដ៏ខ្លាំងក្លា។ កម្លាំងទាំងនេះ បានធ្វើការឯកភាពគ្នា បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨”។
ក្រៅពីលើកឡើងពីប្រវត្តិតស៊ូផ្តួលរំលំរបបខ្មែរក្រហម សម្តេច ហេង សំរិន ក៏បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេល ៣៦ ឆ្នាំកន្លងមកនេះ បន្ទាប់ពីជ័យជម្នះថ្ងៃ៧មករា ១៩៧៩ ។
ក្នុងឱកាសរម្លឹកខួបទី៣៦ ឆ្នាំ ថ្ងៃ៧មករា ១៩៧៩-ថ្ងៃ៧មករា ២០១៥ សម្តេចហេង សំរិន ក៏បានឆ្លើយតបនឹងការរិះគន់របស់មជ្ឈដ្ឋានមួយចំនួន លើថ្ងៃ៧មករា ដែលថា ជាថ្ងៃវៀតណាម ចូលឈ្លានពានទឹកដីកម្ពុជានោះ ៕




