ខេត្តរតនៈគីរី ៖ មេឈ្មួញដុះស្លែឈ្មោះ ណូ នៅតែបន្តដឹកជញ្ជូនឈើប្រណីតតាមរថយន្តបាឡែន យកទៅលក់នៅប្រទេស វៀតណាមយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចសមត្ថកិច្ចធ្វើការបង្ក្រាបឡើយ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងស្តុកឈើរបស់ឈ្មួញឈ្មោះ ណូ មានខ្នងបង្អែកនៅពីក្រោយសម្រាប់កាងមុខរបរខុសច្បាប់របស់ខ្លួន ហើយប្រើប្រាស់រថយន្តបាឡែន សម្រាប់ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមទាំយប់ទាំងថ្ងៃ ។
តាមការបង្ហើបពីសមត្ថកិច្ចឈរជើងនៅលើផ្លូវជាតិលេខ ៧៨ ពីក្រុងបានលុង ទៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ក្នុងចំណោមឈ្មួញជាច្រើន ដែលធ្វើសកម្មដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាមនោះ គឺឈ្មោះ ណូ បានដឹកជញ្ជូនឈើប្រណីតច្រើនជាងគេ មិនក្រោមពី ១០ ទៅ ២០ជើងទេ មិនថាថ្ងៃឬយប់នោះទេ ហើយក៏មានការដឹក ជញ្ជូនឈើតាមម៉ូតូជាច្រើនគ្រឿងចូលមកទំលាក់ទុកផងដែរ ។
ប្រភពបានឱ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយពុំមានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចដែលពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ។ សូម្បីតែលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនៈគីរី ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ដើម្បីធ្វើជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ ។
មន្ត្រីរដ្ឋបាលព្រៃឈើក្នុងក្រុងបានលុង ត្រូវបានគេដឹងថា ជាអ្នកបើកដៃឱ្យឈ្មួញឈ្មោះ ណូ ជាអ្នកប្រមូលទិញឈើ និងដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមយ៉ាងពេញបន្ទុក ។ ដោយឡែក ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ គួរតែចាត់វិធានការ និងពិនិត្យមើលបទល្មើសដែលកើតឡើងនៅក្នុងខេត្តរតនគីរី ព្រោះឈ្មួញឈ្មោះ ណូ និងឈ្មួញជាច្រើននាក់ទៀត នៅតែដឹកជញ្ជូនឈើទៅលក់នៅរបទេសវៀតណាមយ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចក្នុងខេត្តធ្វើការបង្ក្រាបសោះឡើយ ៕




