ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពលរដ្ឋចំនុះជើងវត្តគិរីវ័ននារាម ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា កំពុងកើតមានទុក្ខកង្វល់យ៉ាងខ្លាំង ខណៈម្ចាស់អំណោយដែលអះអាងថា ជួយឧបត្ថមកសាងរបងវត្តនិងចាក់បំពេញដីក្នុងទីធ្លាវត្ត ដែលបានបញ្ជាទិញសម្ភារៈនិងគ្រឿងសំណង់ អស់ជាច្រើនលានរៀលយកទៅទុកត្រៀមធ្វើរបងវត្ត មិនទាន់ឲ្យលុយគេ បែរជារត់គេចបាត់ស្រមោល ធ្វើឲ្យព្រះសង្ឃនិងគណកម្មការវត្តត្រូវជំពាក់លុយគេវ័ន ក ។
រឿងហេតុដ៏ភ្ញាក់ផ្អើលនិងមិនធ្លាប់កើតមានក្នុងប្រទេសអ្នកកាន់ព្រះពុទ្ឋសាសនានេះ បានកើតឡើងតាំងពីថ្ងៃទី២២ ខែសីហា និងទើបបែកធ្លាយព័ត៌មាន បង្ករឲ្យមហាជនមានការហួសចិត្តគ្រប់គ្នាៗនៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ ខណៈបុរសម្នាក់ដែលបានតាំងខ្លួនជាម្ចាស់អំណោយ និងជាតំណាងឲ្យលោកជំទាវម្នាក់ ដែលបាននៅមើលការទទួលខុសត្រូវ និងចាំបញ្ជាទិញគ្រឿងសំណង់ បានរត់គេចបាត់ពីវត្តគិរីវ័ននារាម កាលពីថ្ងៃទី៤ កញ្ញា ថែមទាំងលួចយកម៉ូតូរបស់លោកតាអាចារ្យមួយគ្រឿង និងនាំនារីដែលជា កម្មករដាំបាយឲ្យក្រុមជាងសំណង់ ទៅបាត់ម្នាក់ផងដែរ។
លោកតា បឿន សំអុល គណៈកម្មការវត្តបានមានប្រសាសន៏ថា កាលពីអំឡុងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ព្រះមេគណៈខេត្តបាននាំបុរសម្នាក់ឈ្មោះ លី ឡេក ទៅដល់វត្តគិរីវ័ននារាម ជួបព្រះសង្ឃគង់នៅវត្តគិរីវ័ននារាម និងគណៈកម្មការវត្ត ដើម្បីសុំជួយកសាងរបងនិងចាក់ដីបំពេញទីធ្លាវត្តឲ្យធំទូលាយ។
លោកតាអាចារ្យបន្តថា ក្រោយពីបានពិនិត្យនិងព្រមព្រៀងគ្នាពីគំរូប្លង់រួច ត្រូវចំណាយថវិកាអស់ចំនួន៣០ម៉ឺនដុល្លា ។ ពេលនោះសកម្មភាពសាងសង់របងវត្ត និងការចាក់បំពេញដី ក៏បានចាប់ផ្តើមនៅថ្ងៃទី២២ ខែដដែល ដោយឈ្មោះ លី ឡេក បានទាក់ទងទិញគ្រឿងសំណង់ ខ្សាច់ថ្ម ស៊ីម៉ង់ត៌ ដែក ឥដ្ឋ ពីផ្ទះលក់គ្រឿងសំណង់មួយកន្លែង ក្នុងឃុំពូជ្រៃ ដោយឲ្យម្ចាស់គ្រឿងសំណង់នោះ ដឹកយកទៅទម្លាក់នៅបរិវេណវត្ត ដើម្បីឲ្យក្រុមជាងចាប់ធ្វើការសាងសង់បណ្តើរៗ ដោយជំពាក់លុយថ្លៃគ្រឿងសំណង់សិន។
ក្រៅពីទិញគ្រឿងសំណង់ជំពាក់គេប្រមាណជាង៥០លានរៀល ឈ្មោះ លី ឡេក ក៏បានឲ្យគណៈកម្មការវត្តគិរីវ័ននារាម ជួយទំនាក់ទំនងទៅម្ចាស់គ្រឿងចក្រឈូសឆាយដី ឲ្យមកកាយដីចាក់បំពេញក្នុងទីធ្លាវត្ត ដោយឲ្យសន្យានៅពេលចាក់បានចំនួន៥០០ឡាន ចាំទូរទាត់គ្នាម្តង(តាមគម្រោងត្រូវចាក់១៥០០ឡាន)។
លោក គា អឿង ម្ចាស់គ្រឿងចក្រដឹកដីបានឲ្យដឹងថា ព្រោះតែមានការទុកចិត្តចំពោះលោកតាគណៈកម្មការវត្តគិរីវ័ននារាម រួមនិងសំអាងលើលិខិតកិច្ចសន្យា ដែលធ្វើរួមគ្នារវាង លោក(គា អឿង)ជាមួយឈ្មោះ លី ឡេក និងមានការដឹងឮធានាពីគណៈកម្មការវត្តគិរីវ័ននារាមផង លោកក៏បានដឹកគ្រឿងចក្រសម្រាប់កាយដី ដឹកជញ្ជូនដី និងឈូសពង្រាបដី ទៅវត្តគិរីវ័ននារាមដើម្បីបំពេញការងារទៅតាមកិច្ចសន្យា។
ម្ចាស់គ្រឿងចក្រដដែលបានបន្តថា នៅក្នុងកិច្ចសន្យាដែលមានសរសេរយ៉ាងច្បាស់ថា យោងតាមម្ចាស់ ថវិកាឈ្មោះ ជំទាវ លី ពា និងតំណាងឈ្មោះ លី ឡេក ព្រមទាំងព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ឋបរិស័ទ បានសម្រេចឲ្យឈ្មោះ គា អឿង ចាក់ដីនៅក្នុងតម្លៃមួយឡាន៥ម៉ឺនរៀល ។
កិច្ចសន្យាបន្តថា ក្នុងការចាក់ដីក្នុងបរិវេណទីធ្លាវត្តឲ្យស្អាតបានចំនួន៥០០ឡានទើបគិតប្រាក់ម្តង ដោយចាប់ផ្តើមចាក់នៅថ្ងៃទី២៣ សីហា ២០១៦ រហូតដល់គ្រប់១ ៥០០ឡាន។
សេចក្តីរាយការណ៏បានឲ្យដឹងថា ដំបូងឡើយគេបានឃើញឈ្មោះ លី ឡេក បានទំនាក់ទំនងទៅព្រះមេគណៈខេត្ត ដោយបានសួរនាំលោកពីបញ្ហាវត្តដែលជួបប្រទះការខ្វះខាត ដើម្បីបាននាំយកអំណោយរបស់លោកជំទាវ ទៅសាងសង់ប្រគេនលោកតាមតំរ៉ូវការ។ចំណែកព្រះមេគណៈខេត្ត ដោយមានសប្បុរសជនចង់ជួយកសាងវត្តអារាមបែបនេះ ក៏បានណែនាំឈ្មោះ លី ឡេក ឲ្យទៅជួយកសាងសមិទ្ឋផលនានាដល់វត្តគិរីវ័ននារាម ដែលកន្លងមកធ្លាប់បានជួបប្រទះបញ្ហាភ្លើងឆេះសាលាឆាន់អស់គ្មានសល់ តែមិននឹកស្មានថា បែរជានាំទុក្ខដល់ព្រះសង្ឃនិងគណៈកម្មការវត្តគិរីវ័ននារាម ជំពាក់លុយគេទៅវិញ។
ជាការហួសចិត្តបុរសឈ្មោះលី ឡេក ដែលមិនដែលមានអ្នកណាស្គាល់ប្រភពថាមកពីណា មិនត្រឹមតែបោកព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករធ្វើសំណង់ជាង២០០អង្គ-នាក់ប៉ុណ្ណោះទេ ឈ្មោះនេះនៅបានបោកបញ្ឆោតយកម៉ូតូមួយគ្រឿងរបស់តាអាចារ្យ រួមនិងក្មេងស្រីម្នាក់ទៅបាត់ដោយសុវត្ថិភាព។
បើតាមអ៊ំស្រីរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា នាងមានឈ្មោះ រតនា អាយុជិត២០ឆ្នាំ រស់ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ បានមកធ្វើការជាអ្នកដាំបាយឲ្យឈ្មោះលី ឡេក និងជាងធ្វើសំណង់ ទើបបានប្រមាណ៤-៥ថ្ងៃប៉ុណ្ណោះ ក៏ត្រូវឈ្មោះលី ឡេក នាំយកទៅបាត់កាលពីល្ងាចថ្ងៃទី៤ មិនដឹងសុខទុក្ខយ៉ាងណា។
មហាជនបានមានចម្ងល់យ៉ាងខ្លាំងចំពោះសកម្មភាពធ្វើនំអត់ម្សៅរបស់បុគ្គលឈ្មោះ លី ឡេក ដែលបានបោកប្រាស់ព្រះសង្ឃ ដើម្បីបម្រើផលប្រយោជន៏ផ្ទាល់ខ្លួន ត្បិតគេពិតជាមានជំនាញខ្លាំងណាស់ ព្រោះមិនមែនបោកមនុស្សម្នាក់ឬពីរនាក់នោះទេ គឺបោកពេញមួយឃុំតែម្តង។រហូតមកដល់ពេលនេះ គេនៅតែមិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់ឈ្មោះ លី ឡេក នៅឡើយ ខណៈឈ្មោះរបស់លោកជំទាវ លី ពា ក៏មិនដឹងថា ជាឈ្មោះក្លែងក្លាយឬពិតប្រាដកដែរ ។
ប្រជាពលរដ្ឋបានសំនូមពរដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក មេត្តាជួយដល់ព្រះសង្ឃគង់នៅវត្តគិរីវ័ននារាម ផង ព្រោះថា ករណីនេះកំពុងធ្វើឲ្យព្រះសង្ឃ ជាប់បំណុលម្ចាស់ផ្ទះលក់គ្រឿងសំណង់ជាង៥០លានរៀល និងថ្លៃចាក់ដី៨លានរៀល នេះមិនទាន់រាប់ថ្លៃពលកម្មរបស់ជាងធ្វើសំណង់ ជាង១០០នាក់ ដែលបានខិតខំធ្វើការអស់ជាង១០ថ្ងៃមកហើយ មិនទាន់បានប្រាក់កម្រៃសូម្បីមួយកាក់មួយសេន(ក្នុងម្នាក់ធ្វើការមួយថ្ងៃបានថ្លៃឈ្មួល៣ ៥០០០៛)។
ជាងនេះទៅទៀត ពលរដ្ឋបានស្នើរដល់ក្រសួងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ខេត្តក្រុង ជួយស្វែងរកឈ្មោះ លី ឡេក ឲ្យឃើញផង ដើម្បីឲ្យច្បាប់ចាត់ការលើជនខិលខូចនេះ កុំឲ្យដើរធ្វើកម្មភាពបោកប្រាស់នេះតទៅទៀត ។ ជាពិសេសពួកគាត់បានសុំឲ្យសមត្ថកិច្ចជួយតាមរកក្មេងស្រីដែលត្រូវបាន ឈ្មោះខាងលើ បោកយកទៅបាត់ជាមួយផង ព្រោះពេលនេះគ្រួសារនាងបានតាមរកច្រើនកន្លែងហើយមិនទាន់ឃើញទេ ម្យ៉ាងជីវភាពគ្រួសាររបស់នាង ក៏មានការខ្វះខាតខ្លាំងណាស់ដែរ។
ព័ត៌មានចុងក្រោយដែលទទួលបានពីប៉ុស្តិ៍រដ្ឋបាលពូជ្រៃ ស្រុកពេជ្រាដា កាលពីរសៀលថ្ងៃទី៥ កញ្ញា ថា សមត្ថកិច្ចមិនទាន់ទទួលបានពាក្យបណ្តឹងពី ព្រះសង្ឃ ឬប្រជាពលរដ្ឋណាម្នាក់នៅឡើយទេ៕





