ខេត្តកំពង់ធំ ៖ ចាប់តាំងពីលោក មុំ ចែម ត្រូវបានតែងតាំងជាប្រធានមន្ទីរនោះរូបគាត់បានរួមដៃជាមួយលោកប្រធានការិយាល័យរដ្ឋាបាល លោក ថុង ប៊ុនធាង និងលោកប្រធានការិយាល័យគណនេយ្យលោក ចាន់ វុធថា ធ្វើការកិបកេងថវិការតាមបែបពុករលួយលើថវិការជាតិនិងថវិការគំរោងនានា។ក្រៅពីនោះលោក មុំ ចែម បានប្រើលោក ថុង ប៊ុនធាង ជាប្រធានការិយាល័យរដ្ឋបាលអោយធ្វើការគាបសង្កតទៅមន្ត្រីចាស់ៗ ដែលមិនស៊ីខ្សែរជាមួយខ្លួនកាលពីរូបគាត់នៅជាអនុប្រធានមន្ទីរ។
តាមប្រភពពត៌មានបានអោយដឹងថា លោក មុំ ចែម ប្រធានអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ ដែលទើបតែឡើងជាប្រធានមន្ទីរនៅដើមឆ្នាំ ២០១៤ បច្ចុប្បន្នកំពុងតែទទួលចំណូលពីការកិបកេងពីថវិការជាតិ និងថវិការគំរោងដ៏ច្រើនសន្ធឹកសន្ធាប់អាចនិងក្លាយជាសេដ្ឋីនៅពេលដ៏ខ្លីខាងមុខ។
តាមប្រភពបានអោយដឹងថានៅក្នុងឆ្នាំ ២០១៤ គំរោងទាំងអស់គឺត្រូវបានលោកមន្ទីរ លោក មុំ ចែម កាន់កាប់តែម្នាក់ឯង ដោយមិនបានបែងចែកអោយទៅអនុប្រធានមន្ទីរ ប្ញ មន្ត្រីផ្សេងៗកាន់នោះទេ។ ដោយរូបគាត់គិតតែផលប្រយោជន៏ផ្ទាល់ខ្លួន មិនបានគិតអំពីមន្ត្រីថ្នាក់ក្រោយនោះឡើយ។
បច្ចុប្បន្ននៅមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំបច្ចុប្បន្នគឺពោរពេញទៅដោយរឿងអាស្រូវអំពើពុករលួយនិងបក្ខពួកនិយមធ្វើអោយមន្ត្រីជាច្រើនមិនសប្បាយចិត្តចំពោះលោកប្រធានមន្ទីរ មុំ ចែម ហើយមន្ត្រីជាច្រើនខ្លះប្រុងផ្ទុះកំហឹងតតាំងនិងលោកប្រធានមន្ទីរទៀតផង។
តាមប្រភពបានអោយដឹងថានៅឆ្នាំ ២០១៤ ចាប់តាំងពីលោក មុំ ចែម ឡើ់ងធ្វើជាប្រធានមន្ទីររូបគាត់បានប្រើគ្រប់យុទ្ធសាស្ត្រក្នុងការប្រព្រឹត្តអំពើពុករលួយកិបកេងថវិការជាតិ និងថវិកាគំរោងសរុបជាទឹកប្រាក់រាប់រយលានរៀល ក្នុងនោះក្នុងជំពូក៦០លើផ្នែកសភារៈផ្គត់ផ្គង់ថែរទាំ ផ្នែកសំភារៈផ្គត់ផ្គង់រដ្ឋបាល ផ្នែកថែរទាំជួសជុល ផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយ ចំណាយទូទាត់សាហុយក្នុងប្រទេស និងស៊ីប្រាក់វិវត្តន៏មន្ត្រីឈ្មោះ អ៊ុល ពេជ្រចរិយា ដែលឈ្មោះនេះបច្ចុប្បន្នកំពង់បំរើការអោយអង្គការក្រៅរដ្ឋាភិបាល។
តាមប្រភពបានបញ្ជក់ថាសំរាប់ឆ្នាំ ២០១៣ គឺលោក មុំ ចែម មានតំណែងត្រឹមតែជាអនុប្រធានមន្ទីរពិតមែន ប៉ុន្តែរូបគាត់ជាមន្ត្រីមានសិទ្ធអំណាចលើប្រធានមន្ទីរលោក ឈួរ សុធា ទៅទៀត ហើយកាលនោះការចំណាយថវិការនានាសុទ្ទតែមានការឆ្លងកាត់ពីលោក មុំ ចែម ទាំងអស់ ដោយសារលោកជាមនុស្សជំនិតលោករដ្ឋមន្ត្រី ជា សុផារ៉ា ហើយនៅក្នុងតំណែងជាអនុប្រធានមន្ទីរក៏លោក មុំ ចែម បានកិបកេងថវិការជាតិ និងថវិការគំរោងមិនស្ទើរដែរ។ សុំបីអតីតលោកប្រធានមន្ទីរ ឈួរ សុធា ក៏មិនអាចទទួលបានផលប្រយោជន៏ច្រើនដូចលោក មុំ ចែម ទេ។ ដោយលោក មុំ ចែម បានសហការយ៉ាងស្អិតរមួតជាមួយលោកប្រធានការិយាល័យ រដ្ឋាបាល ថុង ប៊ុនធាង និងលោកប្រធានការិយាល័យគណនេយ្យ ចាន់ វុធថា និងបានផ្តួលោក ឈួរ សុធា ចេញពីប្រធានមន្ទីរ។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០១៣ មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ បានចំណាយថវិកាជាតិមិនមែនជាកម្មវិធីសរុបអស់ចំនួន ១.០០១.៩៨១.៤០០រៀល ក្នុងនោះជំពូក ៦០អស់ចំនួន ១៦៣.៩៦៣.០០០រៀល ក្នុងនោះជំពូក ៦១ អស់ចំនួន ៤០៣.២០៧.០០០រៀល ជំពូក ៦២អស់ចំនួន ៩៨.៣២៧.៧៥០រៀល ជំពូក ៦៤អស់ចំនួន ៣៣៤.៨៣៣.៦៥០រៀល។ សំរាប់គំរោងចំណាយឆ្នាំ ២០១៤ មានទឹកប្រាក់សរុប ៩៩២.០លានរៀល ក្នុងនោះជំពូក ៦0 មានចំនូន ១៥៤,៧លានរៀលជំពូក ៦១ មានចំនូន ២៩៨,៤លានរៀល ជំពូក ៦២ មានចំនូន ១២៨,២លានរៀល ជំពូក ៦៤ មានចំនូន ៤០៧,៧លានរៀល ប៉ុន្តែថវិការគំរោងខាងលើរហូតមកដល់ចុងឆ្នាំ ២០១៤នេះឃើញថា បានចំណាយស្ទើរអស់ដោយមានសេសអស់តែមួយចំនូនតូចបណ្តលមកពីការចាយមិនទាន់និងសល់ពីការទិញដូរតាមបែបលទ្ធកម្ម ទោះបីប្រាក់ទាំងនេះមើលឃើញថាមានការចំណាយនៅសល់ពិតមែន ប៉ុន្តែគឺពោរពេញទៅដោយអំពើពុករលួយយ៉ាងខ្លាំង សូម្បីតែប្រាក់សាហុយទូរទាត់នៅក្នុងប្រទេសក៏មានការកិបកេងមិនតិចជាង ៧០% លើទឹកប្រាក់ជាង ១០០លានរៀល ។ ចំពោះការចំណាយនៅក្នុងជំពូក ៦១ ផ្នែកថែរទាំនិងជួសជុល (៦១៥) ដែលមានទឹកប្រាក់ជាង ២០០លានរៀលក៏ឃើញថាមានភាពធ្ងន់ធ្ងរដែរ ។ ចំពោះការប្រើប្រាស់ប្រេងឥន្ទនៈ (៦០១៥) ក៏ឃើញថាមានភាពមិនត្រឹមត្រូវដោយអ្នកដែលទទួលបានច្រើនគឺតែបក្ខពួកលោកមន្ទីរ ហើយមន្ត្រីខ្លះមានតែឈ្នោះថាបានទទួលប្រេង ប៉ុន្តែប្រេងនោះត្រូវបានគេចាក់ជំនួសទៅវិញ។
ដោយមានសារមានអំពើរពុករលួយនិងបក្ខពួកនិយមដ៏ធ្ងន់ធ្ងរនៅមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ បានធ្វើអោយមន្ត្រីភាគច្រើនក្នុងចំណោម ៥៤នាក់មិនពេញចិត្តចំពោះការដឹកនាំរបស់លោក មុំ ចែម និងបានអំពាវនាវសូមអោយលោករដ្ឋមន្ត្រីអភិវឌ្ឍន៏ជនបទ ជា សុផារ៉ា ជួយប្រេនប្រដៅកូនចៅសំណព្វចិត្តរបស់គាត់ របស់គឺ លោក មុំ ចែមផង។
បើយោងតាមការស្រាវជ្រាវរឿងអាស្រូវពុករលួយ និងបក្ខពួកនិយម គឺបានចាក់ប្ញសយ៉ាងជ្រៅនៅស្ទើរគ្រាប់មន្ទីរអភិវឌ្ឍន៏ជនបទទូរទាំងប្រទេស ហើយករណីមន្ត្រី ប្តឹងប្រធានមន្ទីរក៏មានច្រើនណាស់ ប៉ុន្តែអ្នកប្តឹងទោះបីមានភក្ក័តាងត្រឹមត្រូវក៏មិនទទួលបានលទ្ធផលទេ ដូចជានៅមន្ទីរអភិឌ្ឍន៏ជនបទខេត្តឧត្តមានជ័យ និងស្វាយរៀង ។ល។
ទាក់ទិននឹងបញ្ហាខាងលើនេះ សារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានទេនៅពេលនេះ ? ៕


