កំពង់ស្ពឺ ៖ បនល្បែងដុះស្លែនៅក្បែរផ្ទះលោកស្រី អភិបាលក្រុងច្បារមន អ្នកលេងសុទ្ធសឹងជាសមត្ថកិច្ច លេងយ៉ាងរលូន គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប សង្ស័យមានខ្នងបង្អែកធំ ឬក៏ម្ចាស់ទីតាំងសែនព្រេនគ្រប់ជំនាញអស់ ហើយទើបគ្មានស្ថាបន័ណាចុះបង្ក្រាបឡើយ ។
ទីតាំងបនល្បែងដុះស្លែខាងលើនេះ ស្ថិតនៅខាងលិចផ្ទះសំណាក់ ពិសិដ្ឋ ក្បែរផ្ទះលោកស្រីអភិបាលក្រុងច្បារមន ក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មាន បានបង្ហើបអោយដឹងថា ម្ចាស់ទីតាំងបនល្បែងដុះស្លែនេះ មានឈ្មោះ ពៅ ភេទប្រុសអាយុជាង៥០ឆ្នាំ ហើយបនល្បែងមួយនេះ បើកលេងជាយូរឆ្នាំណាស់មកហើយ មានល្បែងគ្រប់ប្រភេទ(បៀរគ្រប់ប្រភេទ) ការលេងល្បែងនេះរាល់ថ្ងៃតែម្តង គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានអតិថិជនច្រើនស្ទើរតែរកកន្លែងចតម៉ូតូ និងរថយន្តគ្មានផង ។
ប្រភពបន្តថា បនល្បែងដុះស្លែមួយនេះ មានទាំងនគរបាល និងអាវុធហត្ថ ដែលជាកំលាំងសមត្ថកិច្ចអនុវត្តច្បាប់ទៀតផង មួយដៃអ្នកចាញ់មិនក្រោម ៣ ទៅ ៤ លានរៀលនោះទេ ។
បើតាមសម្តីរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាធំ មួយរូបបានបង្ហើបប្រាប់អ្នកយកព័ត៌មានអោយដឹងថា កន្លែងបនល្បែងមួយនេះ លោកក៏បានដឹងដែរ ប៉ុន្តែមិនហ៊ានទេ ដោយសារតែអ្នកមកលេងនៅក្នុងបនល្បែងមួយនេះ មានបុណ្យសក្តិធំៗណាស់ មានទាំងនគរបាល និងអាវុធហត្ថក៏មានដែរ គ្រាន់តែដើរទៅក្បែរ ក៏មិនហ៊ានផង ។
កន្លងមក លោកស្រីអភិបាលក្រុង ប៉ោក សេដ្ឋាបានអួតក្តែងៗថា ចុះបង្ក្រាបករណីលេងល្បែងខុសច្បាប់ ដូចជាបៀរ អាប៉ោង ហ្គាម និងរៀបចំសណ្តាប់ធ្នាប់ ដើម្បីអនុវត្តតាមគោលការណ៍ ៩ ចំណុចរបស់ក្រសួងមហាផ្ទៃភូមិ ឃុំមានសុវត្តិភាពនោះ ប៉ុន្តែបនល្បែងនៅក្បែរផ្ទះលោក ស្រីហាក់បីដូចជាមើលរំលងទៅវិញ សង្ស័យម្ចាស់ទីតាំងជាសាច់ញាតិលោកស្រីផង ក៏មិនដឹងឬមួយដឹង ហើយធ្វើមិនដឹង (ដូចពាក្យគេតែងពោលថា យល់ញាតិឃ្លាតច្បាប់នោះទេដឹង)។
ប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងភូមិបុរីកម្មករ ដែលបាននិយាយថា មិនត្រឹមតែមានបនល្បែងទេ នៅក្នុងភូមិនេះមានទាំងក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៀតផង គឺនៅខាងក្រោយវត្តថ្មីតែម្តង ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិបុរីកម្មករ ទាំងអស់សុំសំណូមពរដល់លោកស្រីអភិបាលក្រុងច្បារមន ជួយចុះទៅពិនិត្យ មើលបនល្បែងដុះស្លែមួយនេះផង និងកន្លែងក្រុមជួញដូគ្រឿងញៀនផង ដើម្បីអោយប្រជាពលរដ្ឋរស់នៅមានសុវត្តិភាពនោះ កុំចេះតែអួសតាម៉ាត់ការអនុវត្តគ្មាន ឬមួយម្ចាស់បនល្បែងនោះ ជាសាច់ញាតិរបស់លោកស្រី ទើបគ្មានចំណាត់ការបែបនេះ ។ ប្រជាពលរដ្ឋជាកូនចៅរបស់លោកស្រីសង្ឃឹមថា លោកស្រីនិងចុះទៅមើលមិនបាច់ចុះទៅមើលក៏បានដែរ គ្រាន់តែអើតមើលក៏ឃើញដែរ ពីព្រោះនៅក្បែរផ្ទះលោកស្រីស្រាប់ហើយនោះ ប្រជាពលរដ្ឋជឿជាក់ថា លោកស្រីនិងដឹកនាំកំលាំងចុះទៅបង្ក្រាបជាក់ជាមិនខាន កុំអោយមានពាក្យថា ពាក់ព័ន្ធនិងលាភសក្ការនោះ ។
ប្រជាពលរដ្ឋដដែលបាននិយាយថា សូមសំណូមពរយ៉ាងទទូច ដល់អស់លោកសមត្ថកិច្ចធំៗ ជួយចុះពិនិត្យមើលមន្ត្រីរបស់លោក ដែលជាអ្នកអនុវត្តច្បាប់ ហើយបែរជានាំគ្នាមកលេងល្បែងស៊ីសងខុសច្បាប់ មិនបង្ក្រាបហើយអ្នកខ្លះកាងទៀត មិនត្រឹមតែកាងល្បែងប៉ុណ្ណោះទេ អ្នកខ្លះទៀតខ្លួនជាសមត្ថកិច្ចផង ជាមេកន្ទុយលេខទៀត (លេងល្បែងស៊ីសង) ប្រជាពលរដ្ឋសង្ឃឹមថា មានតែអស់លោកអ្នកធំ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជួយអោយសមត្ថកិច្ច ជំនាញចុះអង្កេតមើលទង្វើ របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺផង៕
អ៊ុំ ណូន




