ខេត្តមណ្ឌលគិរី ៖ អ្នកជម្ងឺជាច្រើននៅតាមតំបន់មូលដ្ឋាននានា មករកសេវ៉ាព្យាបាលជម្ងឺនៅផ្ទះពេទ្យឯកជនក្នុងក្រុងសែនមនោរម្យ និងតាមផ្ទះពេទ្យឯកជននៅតាមភូមិ ឃុំនានា ក្នុងស្រុកនៃខេត្តមណ្ឌលគិរី កំពុងបាក់ស្មារតីនិងភិតភ័យយ៉ាងខ្លាំង ខណៈដែលក្រុមគ្រួសារអ្នកជម្ងឺភាគច្រើនស្ទើរតែទាំងអស់ទទួលបានការបញ្ជាក់ប្រាប់ពីគ្រូពេទ្យឯកជននោះថាជាជម្ងឺរបស់ពួកគឺសុទ្ធតែជាជម្ងឺគ្រុនឈាម ។
មហាជនទូទាំងខេត្តមណ្ឌលគិរីបានធ្វើការសំណូមពរស្នើរឲ្យ លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ជួយចាត់ចែងមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាល ជាពិសេសមន្ត្រីកាន់កម្មវិធីគ្រុនឈាមនិងប្រធានបច្ចេកទេស នៃមន្ទីរនេះចុះធ្វើការស្រាវជ្រាវដល់ទីតាំងផ្ទះពេទ្យឯកជនទូទាំងខេត្តមណ្ឌលគិរីថាតើក្រុមគ្រូពេទ្យឯកជនទាំង នោះកំពុងមានការបំភិតបំភ័យបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋដើម្បីបោកប្រាស់ពលរដ្ឋភាគច្រើនពួកគាត់ជា
ជនជាតិដើមភាគតិចព្នង ខ្វះការយល់ដឹងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសារសង្ស័យការប្រើប្រាស់ (តេស្ត៍) ព្រោះតាមព័ត៌មានលេចលឺចេញពីផ្ទះពេទ្យឯកជនមួយចំនួននៅទូទាំងខេត្តថា ជម្ងឺគ្រុនឈាមនេះកំពុងមានការកើនឡើង ។ ជាងនេះទៅទៀតនោះ ផ្ទះពេទ្យឯកជនជាច្រើ ទូទាំងខេត្តមណ្ឌលគិរីត្រូវបានមហាជនកំពុងមើលឃើញថាពេទ្យឯកជនទាំងនោះហាក់បីកំពុងបំពានច្បាប់របស់មន្ទីរនិងក្រសួង ព្រោះតាមគោលការណ៍ គឺគ្រប់ផ្ទះពេទ្យឯកជនច្បាប់មិនអនុញ្ញាត ឲ្យសម្រាកនិងព្យាបាលនៅទីនោះឡើយ តែផ្ទុយទៅវិញ សេវាព្យាបាលរបស់ឯកជន នៅទូទាំងខេត្តមួយនេះ អនុញ្ញាតឲ្យអ្នកជម្ងឺគ្រុនឈាមនិងជម្ងឺផ្សេងៗ សម្រាកព្យាបាល នៅផ្ទះរបស់ខ្លួនបំពានច្បាប់យ៉ាងអនាធិបតេយ្យទៅវិញ ។
មហាជនស្នើរនៅខេត្តមណ្ឌលគិរីសំណូមពរដល់លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មេត្តាជួយចាត់ចែងមន្ត្រីជំនាញរបស់ក្រសួងឲ្យចុះមកស្រាវជ្រាវករណីសង្ស័យបំពានច្បាប់របស់ផ្ទះពេទ្យឯកជនជាច្រើននៅមណ្ឌលគិរីកំពុងលេចលឺចេញពីផ្ទះពេទ្យឯកជនទាំងនោះថាជម្ងឺគ្រុនឈាមនៅខេត្តនេះមិនទាន់បានថមថយ។ស្របពេលតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីជម្ងឺប្រភេទនេះកំពុងមានការធ្លាក់ចុះ។លោក ប៊ុន សួរ ប្រធានមន្ទីរសុខាខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃនេះបានឲ្យដឹងថា រឿង ផ្ទះគ្រូពេទ្យឯកជននេះ នៅថ្ងៃនេះលោកបានទទួលព័ត៌មាននេះហើយ ដោយរូបលោកកំពុងអញ្ជើញគ្រូពេទ្យឯកជនទាំងនោះមកសួរនាំហើយ ។
លោក ស្រី សេង រីណា ប្រធានកម្មវិធីគ្រុនឈាមនៃមន្ទីសុខាភិបាលខេត្តឲ្យដឹងថា ស្របពេលដែលបានលេចលឺព័ត៌មាននេះ លោកស្រីក៍បានចុះពិនិត្យនៅផ្ទះពេទ្យឯកជនមួយចំនួននិងពិនិត្យទៅបដាប់តេស្ត៍ឈាមរបស់ផ្ទះពេទ្យឯកជនទាំងនោះហាក់មិនមានភាពប្រក្រតី ។
មហាជននានាទូទាំងខេត្តមណ្ឌលគិរីកំពុងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់របស់មន្ទីរសុខាភិបាលខេត្ត ព្រមទាំងក្រសួងថាតើអាចចាត់វិធានការណ៍តាមផ្លូវច្បាប់យ៉ាងណាដល់ផ្ទះពេទ្យឯកជនទូទាំងខេត្តមណ្ឌលគិរីដែលមហាជនសង្ស័យថា មានការបំបាក់ស្មារតីប្រជាពលរដ្ឋ ដោយសារជម្ងឺនេះ និងអនុញ្ញាត្តឲ្យអ្នកជម្ងឺសម្រាកនិងព្យាបាលនៅផ្ទះរបស់ខ្លួនយ៉ាងរលូន ដោយបំពានច្បាប់របស់ក្រសួងសុខាភិបាលដែលបានហាមប្រាម ។
ព័ត៌មានចុងក្រោយមុននេះបន្តិចលោក ប៊ុន សួរ ឲ្យដឹងថាលោក កំពុងអញ្ជើញគ្រូពេទ្យផ្ទះឯកជននៅក្នុងក្រុង
សែនមនោរម្យបណ្តើរៗហើយ មកធ្វើការអប់រំណែនាំដល់ក្រុមគ្រូពេទ្យផ្ទះឯកជន និងឲ្យបញ្ឈប់សកម្មភាពទាំងឡាយណាដែលក្រុមគ្រូពេទ្យទាំងនោះដែលប្រព្រឹតផ្ទុយពីគោលការណ៍ច្បាប់ ៕
ដារ៉ា



