ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោក ណា ហុងឃ្យូរ តំណាងកុងស៊ុលស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប់ ចូលជួបសំណេះសំណាលសំដែងការគួរសំ ក្នុងពិធីសំណេះសំណាលនោះដែរមានការអញ្ចើញចូលរួមពីសំណាក់ប្រតិភូអមដំណើរតំណាងស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប និងអស់លោកស្នងការរងនគរបាលខេត្ត។
ក្នុងជំនួប ពិភាក្សា រវាងស្នងការនគរបាលខេត្ត និងលោក ណាហុងឃ្យូរ តំណាងកុងសុលស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប ដើម្បីស្វែងយល់ និងយកបទពិសោធន៍អំពីភារកិច្ចជំនាញ ក្នុងការដឹកនាំកងកម្លាំងក្នុងកិច្ចរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចេញចូលមកស្នាក់នៅ ក្នុងខេត្តសៀមរាបកន្លងមក ។
លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ទៅកាន់លោក ណាហុងឃ្យូរ និងប្រតិភូអមដំណើរនាឱកាសនោះ អំពីលក្ខណៈភូមិសាស្ត្រ និងសភាពការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្តកន្លងមក និងចុះស្វែងយល់អំពីការគ្រប់គ្រងកម្លាំង និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ ក្នុងក្រុងសៀមរាប និងបានបន្តស្វែងយល់អំពីតំបន់ផប់ស្ត្រីត (ផ្សារាត្រី) ដែលជាកន្លែងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានមកកម្សាន្តនិងហូបចុកនៅតំបន់នេះ ដើម្បីដកបទពិសោធន៍ក្នុងភារកិច្ចការពារ របស់កងកម្លាំងសមត្ថកិច្ចនគរបាលយើង ក្រោមការចាត់ចែងនិង ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត ដែលមានភារកិច្ចការពារក្នុងតំបន់ផប់ស្ត្រីត ដែលកន្លងមករក្សាបាននូវសន្តិសុខ សុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។
មានប្រសាសន៍នាឱកាសនោះលោក តំណាងកុងសុលស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប ជំនួសមុខឲ្យរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េនិងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិកម្ពុជា ជាពិសេសការយកចិត្តទុក ដាក់នាពេលនេះរបស់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តសៀមរាប ដែលបានជួយសម្រួលក្នុងដំណើរការពិធី សំណោះសំណាល និងចុះស្វែងយល់ នាពេលនេះដើម្បីដកបទពិសោធន៍ល្អៗ របស់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីយកទៅអនុវត្ត ក្នុងកិច្ចថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ។
ទីបញ្ចប់លោក សូមជូនពរថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងនគរបាលទាំងអស់ សូមឲ្យជួបប្រទះ តែនិងសេចក្តីសុខបំពេញភារកិច្ចជូនជាតិមាតុភូមិអោយបានល្អ ក្នុងពិធី ជំនួបសំណេះសំណាល់នេះផងដែរ ក៏បានថត រួមរួមគ្នានិង ប្រគល់ជូន វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញ ទៅមកក្នុងការរឹតចំណងសាមគ្គីភាពអោយកាន់តែស្អឹតរមូត និងបានយូរអង្វែង ៕
ដោយ លុច ណាម និងរូបភាព ៖ លុចយូរណា





