ខេត្តប៉ៃលិន៖ យុទ្ធនាការចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃស៊ីបំផ្លាញដំឡូងមីរបស់ប្រជាកសិករ នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០១៦នេះ នៅទូទាំងខេត្តប៉ៃលិនប្រជាកសិករដាំដំណាំដំឡូងមីលើផ្ទៃដីចំនួន ៥៩០៨៧ ហិចតា ខូតខាតដោយគ្រោះរាំងស្ងួតចំនួន ៤០៤៨ ហិចតា ហើយរងគ្រោះដោយសត្វល្អិតចង្រៃបំផ្លាញចំនួន ២១៦២ ហិចតា ហើយបច្ចុប្បន្ននេះមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបានចុះជួយអន្តរាគមន៍ ចែកថ្នាំ និងបាញ់ថ្នាំ ដើម្បីសង្គ្រោះដំណាំដំឡូងមីរបស់ប្រជាកសិករបានចំនួន ២១៨ ហិចតា ព្រមទាំងបន្តចុះផ្សព្វផ្សាយជូនប្រជាកសិករ អំពីវិធីកំចាត់សត្វល្អិតចង្រៃបំផ្លាញដំឡូងមី របស់ពួកគាត់ផងដែរ។
លោក ផាន់ សុផាណ្ណារ៉ា មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត បានពន្យល់ ពីមូលហេតុដែលបណ្តាលឱ្យកើតមានសត្វល្អិតចង្រៃ ដូចជា សត្វចៃពីងពាង្គក្រហម និងសត្វចៃពណ៌ស ស៊ីបំផ្លាញដំណាំដំឡូងមីនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅ ភាពរាំងស្ងួតអូសបន្លាយពេលយូរ ដូច្នេះបងប្អូនត្រូវតែប្រញ៉ាប់បាញ់ថ្នាំដើម្បីកំចាត់វា ហើយបន្ទាប់មកយើងប្រើជីដើម្បីបំប៉ន់ដំណាំដំឡូងមីរបស់យើងឱ្យលូតលាស់ល្អឡើងវិញ តែនោះវាអាស្រ័យលើទឹកភ្លៀងផងដែរ។
អ្នកមីង អ៊ូច ធី ជាប្រជាកសិករម្នាក់រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានបញ្ជាក់ថា៖ឆ្នាំនេះគាត់ដំដំឡូងមី ចំនួន ១០ហិចតា ហើយដំណាំដំឡូងមីរបស់គាត់ក៍ដូចជារបស់បងប្អូនក្នុងភូមិដែរ ពេលកំពុងលូតលាស់ ស្រាប់តែស្លឹកវារួញ ឡើងពណ៌ក្រហមព្រឿងៗ មិនអាចលូតលាស់ទៀតទេ ហើយឈានទៅងាប់តែម្តង ចំនួន ០៤ហិចតា ដូច្នេះគាត់បានថ្លែងអំណគុណដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តដែលចុះជួយសង្គ្រោះចំការដំឡូងមីរបស់គាត់ ហើយគាត់ក៍បានសំនូមពរដល់មន្ទីរកសិកម្មខេត្ត ជួយជាពូជន៍ពោតដល់គាត់ដាំដុះបន្ត បន្ទាប់ពីដំណាំដំឡូងមីរបស់គាត់ងាប់អស់ផង។
អ៊ុក ទូច





