មណ្ឌលគីរី ៖ សេចក្ដីរាយការណ៍ពីសកម្មជនការពារព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា មកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនបន្តកើតឡើងយ៉ាងអនាធិបតេយ្យ ព្រោះសមត្ថកិច្ចបង្ក្រាបតែឈ្មួញដែលមិនបង់លុយតែប៉ុណ្ណោះ។
ប្រភពបានឲ្យដឹងទៀតថាបទល្មើសកាប់ឈើនៅក្នុងតំបន់អភិរក្សជីវចម្រុះកែវសីមា ហើយដឹកជញ្ជូនតាមរថយន្តនិងម៉ូតូទៅលក់នៅស្រុកយួន ពុំមានការថយចុះនោះទេព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធគិតតែរឿងផលប្រយោជន៍។ ជាពិសេសលោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គិតតែប្រមូលផលប្រយោជន៍ពីបទល្មើសព្រៃឈើ ហើយបណ្ដោយឲ្យបទល្មើសកើតឡើងដូចមុនដដែល។
កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ក្រាបរថយន្ត១គ្រឿងនិងម៉ូតូកែច្នៃ១គ្រឿងដែលដឹកជញ្ជូនឈើប្រណីតខុសច្បាប់នៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយរឹបអូសបានឈើមួយចំនួន។
ប្រភពពីមន្ត្រីបរិស្ថានដែលចូលរួមក្នុងការបង្ក្រាបបានឲ្យដឹងថា ឈើទាំងនោះត្រូវគេដឹកចេញពីស្រុកអូររាំង បម្រុងឆ្លងកាត់ស្រុកកែវសីមា យកទៅលក់នៅស្រុកយួនដោយនៅក្នុង១រថយន្តមានឈើធ្នង់១០ដុំ និងនៅលើម៉ូតូកែច្នៃមានឈើបេង៥ដុំ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋស្រុកកែវសីមា រិះគន់ថាមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបតែឈ្មួញដែលមិនបង់លុយប៉ុណ្ណោះ ចំណែកឈ្មួញបង់លុយជាប្រចាំតែងគេចផុតពីការបង្ក្រាប ហើយបន្តសកម្មភាពយ៉ាងគគ្រឹកគគ្រេង។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកកែវសីមា បានឲ្យដឹងថាបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានរបស់ពួកគាត់ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ យកទៅលក់នៅស្រុកយួនកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ជាពិសេសនៅពេលយប់ហើយឈ្មួញធំៗសុទ្ធតែមានទំនាក់ទំនងជាមួយមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ឈ្មួញរកស៊ីឈើក្នុងស្រុកកែវសីមា ត្រូវបានគេស្គាល់ថាជាសាច់ញាតិរបស់មន្ត្រីអាជ្ញាធរស្រុក ហើយអ្នកខ្លះទៀតជាមន្ត្រីយោធាឬមន្ត្រីនគរបាលដែលមានការឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះហើយទើបបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី ទៅលក់នៅស្រុកយួននៅតែកើតឡើងយ៉ាងរាលដាលដដែល ព្រោះសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន មិនយកចិត្តទុកដាក់អនុវត្តន៍តាមតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពឡើយ៕


