ខេត្តរតនគិរី ៖ បឹងកំសាន្តគឺបឹងមួយកន្លែង ដែលកាលពីមុន ប្រជាពលរដ្ឋនៅក្រុងបានលុងទាំងមូលធ្លាប់ងូតទឹកលេង និងលាងម៉ូតូជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងអំឡុងប្រមាណពីរឆ្នាំចុងក្រោយនេះ ចាប់ពីដើមឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយអាកាសធាតុឡើងកំដៅនាឆ្នាំនេះ និងក្រុមហ៊ុនទឹកស្អាតរបស់ក្រុមហ៊ុន តាយសេង សម្រុកបូមខ្លាំងពេក ដើម្បីយកមកចែកចាយធ្វើអាជីវកម្មជូនប្រជាពលរដ្ឋអោយប្រើប្រាស់ ក្នុងនោះ បច្ចុប្បន្ន ទឹកបឹងត្រូវបានរីងអាចចាប់ត្រីបាន។
នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋបាលជនផលខេត្តរតនគិរីបានចុះទៅហាមឃាត់ក្រុមហ៊ុនទឹកស្អាតរបស់ក្រុមហ៊ុនតាយសេងផ្អាកការបូមទឹកចេញពីបឹងនេះ ដោយតម្រូវអោយក្រុមហ៊ុនរកប្រភពទឹកកន្លែងផ្សេងវិញ ព្រោះបឹងកំសាន្តនេះជាកន្លែងធ្លាប់លែងត្រីមេពូជ ហើយក៏ជាកន្លែងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង សំរាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកកំសាន្តគេតែងមកគយគន់បឹងធម្មជាតិទាំងអស់នេះ។
នាយកក្រុមហ៊ុនតាយសេង លោកឧកញ៉ាលី ហុងស៊ីន បានអោយដឹងថា បញ្ហានេះ លោកទើបតែដឹងក្នុងរយៈពេល១ម៉ោងមុននេះបន្តិចទេ ដោយឯកឧត្តមអភិបាលខេត្តបានទូរស័ព្ទអោយលោកផ្អាកការបូមទឹកចេញពីបឹងកំសាន្ត ហើយអោយបូមចេញពីបឹងកន្សែងវិញ ប៉ុន្តែលោកថា បើសិនផ្អាកបូមពេលនេះប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកស្អាតក្នុងក្រុងបានលុងគ្មានទឹកប្រើប្រាស់នោះទេ ហើយក្នុងពេលខាងមុខនេះ លោករកន្លែងជីកស្រះដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ។
ទាក់ទិននិងករណីនេះ ឯកឧត្តមប៊ូ ឡាំ តំណាងរាស្ត្រខេត្តរតនគិរីបានឲ្យដឹងតាមទូរស័ព្ទនៅរសៀលនេះដែរថា បឹងកំសាន្តនេះ កាលពីមុនមានប្រភពទឹកស្អាតល្អណាស់ សម្រាប់បងប្អូនជនជាតិភាគតិច របស់ពួកគាត់ប្រើប្រាស់រហូតមក ហើយឯកឧត្តមធ្លាប់បានលែងត្រីមេពូជ រាប់ពាន់ក្បាលផងដែរ។ ប៉ុន្តែបច្ចុប្បន្ន មានគេសាងសង់ភោជនីយដ្ឋានលើបឹងនោះ ថែមទាំងអោយគេបូមទឹកយកធ្វើអាជីវកម្មផ្ទាល់ខ្លួនទៅវិញ ។ ឯកឧត្តមបន្តថា ឆ្ងល់ណាស់ ហេតុអ្វីជំនាញពាក់ព័ន្ធមើលមិនឃើញ អោយគេយកបឹងធម្មជាតិរបស់រដ្ឋនេះធ្វើជាមុខរបរតាមចិត្តអញ្ចឹង។
គួរបញ្ជាក់បឹងកំសាន្តដែលជាបឹងធម្មជាតិ ហើយរដ្ឋបាលជលផលយកមច្ឆាជាតិយកទៅលែងជារៀងរាល់ឆ្នាំ និងជាប្រភពទឹកស្អាត់ដែលប្រជាពលរដ្ឋប្រើប្រាស់នោះត្រូវបានបំផ្លាញ់ដោយអ្នកស្រី លី សុខងីម សង់សណ្ឋាគារ ភោជនីយដ្ឋាន និងបង្គន់អនាម័យបង្ហូលចូលបឹង ដែលកន្លងមកឧញ៉ាតាយសេង បូមទឹកបឹងនឹងចូលមកស្ថានីយ៍ទឹកស្អាតចូលក្រុងបានលុងរហូតដល់ផ្សព្វថ្ងៃនេះ និងផែបណ្តែតទឹក សំរាប់ប្រគុំតន្ត្រីរាប់ឆ្នាំមកហើយ អាជ្ញាធរនិងសមត្ថកិច្ចជំនាញបានត្រឹមតែទទួលផលប្រយោជន៍ប៉ុណ្ណោះ ៕





