រតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ នៅរសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៦ចុះរឹបអូសឈើសុក្រំ២៥ដុំដែលឈ្មួញលាក់ទុកក្នុងព្រៃក្បែរក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច(៧២)បំរុងនាំចេញទៅប្រទេសវៀតណាម ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ឡេង យុគ ប្រាប់ឲ្យដឹងថា ការចុះរឹបអូសឈើខាងលើនេះ មានការចូលរួម និងបញ្ជាផ្ទាល់ពីលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីទទួលពត៌មាន ពីបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ ។
បច្ចុប្បន្ន ឈើសុក្រំ២៥ដុំ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើដឹកយកមករក្សាទុកនៅស្នាក់ការបរកែវ ដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការបង់ផាកពិន័យតាមច្បាប់ ។
គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយអាជ្ញាធរខេត្ត ដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង អោយបិទច្រករបៀងអោយខានតែបាន ប៉ុន្តែសម្រាប់ខេត្តរតនគិរីគេសង្កេតឃើញមានច្រករបៀងចំនួន២គឺ ច្រករបៀងភូមិភិនិងច្រក១៩ ក្នុងស្រុកអូរយ៉ាដាវ ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនឈើចេញជារៀងរាល់យប់ ដោយពុំមានការទប់ស្កាត់ពីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសកម្លាំងនគរបាលវរការពារព្រំដែន៦២៣ និងកម្លាំងយោធាវរការពារព្រំដែន១០២ ៕
សន ចាន់ឌី




