ខេត្តកោះកុង ៖ នាព្រឹកថ្ងៃច័ន្ទ ទី ៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៧ និង៣០នាទី ក្លិបអ្នកកាសែតឯករាជ្យ ដែលមានលោក ហ៊ុន សុខា ប្រធានក្លិប បានដឹកនាំក្រុមអ្នកសារព័ត៌មានចំនួនជាង ៥០នាក់ ដែលមានវត្តមានចាងហ្វាងការផ្សាយ និពន្ធនាយក ជំនួយការ… ៘ ចុះទៅកាន់ខេត្តកោះកុង ដើម្បីធ្វើសន្និសីទ្ធកាសែត និងធ្វើបទសម្ភាសន៍ជាមួយលោកអភិបាលខេត្តកោះ កុង ស្តីពីសក្តានុពលវិស័យទេសចរណ៍នៅក្នុងខេត្តទាំងមូល ។
ម៉ោងប្រហែល ១និង៣៥នាទី ក្រុមអ្នកសារព័ត៌មានយើងបានទៅដល់រម្មណីយ៍ដ្ឋានតាតៃ ពិសារអាហាររួមគ្នារួចធ្វើ ដំណើរទៅលេងកំសាន្តតាមឆ្នេរកោះ ដោយមានទេសភាពស្រស់ត្រកាលគួរឱ្យគយគន់ដូចបទចម្រៀងដែលបានផ្សព្វផ្សាយ និងរូបភាពពិតៗជាក់ស្តែងជាតំបន់អេកូទេសចរណ៍ពិតមែន ។ ក្រោយពីការកំសាន្ត នឹងផ្តិតយករូបថតពិតៗរួចមក ក្រុមក្លិប អ្នកកាសែតឯករាជ្យបានមកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅវេលាម៉ោង ៦ និង៣០នាទី ដោយភាពរីករាយ ។
លុះព្រឹកឡើងក្រោយពីពិសាភោជនីយអាហារព្រឹករួមគ្នាមក ម៉ោង ៩និង៤៥នាទី លោក ហ៊ុន សុខា ប្រធានក្លិបបាន នាំក្រុមអ្នកសារព័ត៌មានជួបសម្ភាសន៍ជាមួយ ឯកឧត្តម អភិបាលខេត្តកោះកុង ស្តីពីសក្តានុពលវិស័យទេសចរដែលបានរីក ចំរើននៅក្នុងខេត្ត ។
នៅក្នុងខណៈនោះដែរ ឯកឧត្តម ផៃ ស៊ីធូន អភិបាលរងខេត្តកោះកុង បានអញ្ជើញជួសមុខឱ្យឯកឧត្តម ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលលោកជាប់រវល់ទៅប្រទេសថៃ ។ ក្រោយពីកិច្ចស្វាគមន៍គ្នាទៅវិញទៅមក រវាងក្លិបអ្នកកាសែតឯករាជ្យ និងឯកឧត្តម អភិបាលរងខេត្ត និងវត្តមានលោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធាន មន្ទីរទេសចរណ៍ខេត្តរួចមក លោក ហ៊ុន សុខា ប្រធានក្លិបបានឡើងមានមតិថ្លែងអំណរគុណដល់ ឯកឧត្តម ប៊ុន លើត អភិបាលខេត្តកោះកុង ឯកឧត្តម ផៃ ស៊ីធូន អភិបាលរង និងមន្ត្រីគ្រប់ក្រសួងមន្ទីរក្នុងខេត្តកោះកុងទាំងមូល ជាពិសេសមន្ត្រី គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគតិបណ្ឌិត វៃឆ្លាតដឹកនាំនាវាកម្ពុជា លឿនលយឆ្ពោះទៅកាន់វឌ្ឍនភាពរីកចំរើនរុងរឿងឥតឧបមាន ។
លោក ហ៊ុន សុខា មានប្រសាសន៍បន្តទៀតថា ទឹកដីខេត្តកោះកុង គឺជាសមរភូមិក្តៅរវាងកងទ័ពរដ្ឋកម្ពុជា និងកងទ័ព ខ្មែរក្រហម ការធ្វើដំណើរយ៉ាងលំបាកវេទនាតាមទូក តាមកាប៉ាល់ អូប័រ និងទទួលនូវការបាញ់ប្រហារពីសំណាក់កងទ័ពខ្មែរ ក្រហម ប៉ុន្តែបច្ចុប្បន្នភាពអស្ចារ្យដែលយើងមិនអាចនឹកស្មានដល់ខេត្តកោះកុង ក្លាយជារម្មណីយដ្ឋានដ៏រុងរឿង ហេដ្ឋារចនា សម្ព័ន្ធជាតិ រីកចំរើនឥតឧបមាន ផ្លូវថ្នល់ ចេញពីសាលាស្រុកស្រែអំបិល ស្ពានឆ្លងដៃសមុទ្រជាច្រើនកន្លែង ឆ្ពោះទោកាន់សាលាខេត្តកោះកុង ផ្លូវបត់បែនចុះឡើងតាមច្រឡោះភ្នំ ទេសភាពដ៏ត្រកាលតាមដងគីរីបុព្វតា និងរម្មណីយដ្ឋាន តាតៃ ព្រៃដើមកោងកាង ទីកន្លែងសួនសត្វ រម្មណីយដ្ឋានបឹងកាយ៉ាក ក្នុងឃុំពាមក្រសោប ឆ្នេរប៉ាក់ខ្លង តារាសាគរ… ៘
ក្រោយពីលោក ហ៊ុន សុខា មានមតិថ្លែងអំណរគុណនូវគុណសម្បត្តិរួចមក ឯកឧត្តម ផៃ ស៊ីធូន អភិបាលរងខេត្តបាន ឡើងមានមតិសំណេះសំណាល និងថ្លែងអំណរគុណដល់ក្លិបអ្នកកាសែតឯករាជ្យ ដែលមានលោក ហ៊ុន សុខា ជាប្រធាន និងក្រុមសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញមកធ្វើបទសម្ភាសន៍នូវការរីកចំរើនរបស់ខេត្តកោះកុងរបស់យើងខ្ញុំ ខាងផ្នែកទេសចរណ៍ ។ ឯកឧត្តម បានបកស្រាយនូវសំណួរផ្សេងៗពីវិស័យទេសចរណ៍ ដែលក្រុមអ្នកសារព័ត៌មានបានសួរ សំណួរ កម្មវិធីនេះបានបញ្ចប់ដោយភាពរីករាយក្រៃលែង ។
បន្ទាប់ពីកម្មវិធីនេះ ចប់ក្លិបអ្នកកាសែតឯករាជ្យ បានធ្វើដំណើរទៅកាន់ឃុំពាមក្រសោប ជួបជាមួយលោកមេឃុំ លោកមេប៉ុស្តិ៍ លោកក្រុមប្រឹក្សាឃុំ និងលោកប្រធានសហគមន៍បឹងកាយ៉ាក សំណេះសំណាល និងពិសារភោជនីយអាហាររួម គ្នានៅរម្មណីយដ្ឋានបឹងកាយ៉ាកយ៉ាងរីករាយក្រៃលែងបំផុត ៕




