ខេត្តកំពង់ស្ពឺ ៖ កម្មវិធីពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រារឰធ្វើឡើងនៅក្នុងឃុំតាំងក្រូច ដើម្បីទទួលបាននូវការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើការកែលម្អ ឱ្យបានល្អប្រសើរឡើងវិញ ។
នៅក្នុងឱកាសនោះ លោក សៅ សំបូរ មេឃុំតាំងក្រូច បានលើកឡើងពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និង គម្រោងនៃការអភិវឌ្ឍន៍របស់ឃុំឱ្យស្របទៅតាមនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ចំណុចផងដែរ ។
នៅក្នុងវេទិកាពិគ្រោះយោបល់នាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ប្រជាពលរដ្ឋបានលើកឡើងនូវការ លំបាកដែលមាន ៤ចំណុចសំខាន់ៗដូចជា ការស្នើសុំធ្វើផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយទៀត ទោះបីជា ពុំបានផ្លូវបេតុង ឬកៅស៊ូក៏សុំឱ្យបានផ្លូវលំធំទូលាយងាយស្រួលក្នុងការដឹកកសិផល, ទី២-ស្នើសុំឱ្យមានភ្លើងអគ្គិសនីប្រើប្រាស់ ដែលស្ថិតនៅក្នុងតម្លៃកំណត់របស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា ។ ទី៣-សុំឱ្យមានបណ្តាញទឹកស្អាតដើម្បីប្រើប្រាស់ និងដើម្បីសុខ ភាព និងការរស់នៅស្អាត និងទី៤-ស្នើសុំឱ្យអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច ដើម្បីការរស់ នៅក្នុងសុខសន្តិភាព និងសុវត្ថិភាព ។
ជាការឆ្លើយតបលោក ស៊ឹម រតនៈ អភិបាលស្រុក និងលោក ជុំ ទ្រួក ប្រធានក្រុមប្រឹក្សាស្រុកសំរោងទង បានទទួល យកសំណូមពររបស់ប្រជាពលរដ្ឋ និងឆ្លើយតបថា និងខិតខំអនុវត្តទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសលោក សៅ សំបូរ ជាមេឃុំតាំងក្រូច បានកំពុងយកចិត្តទុកដាក់ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋជាជំហានៗ និងទទួលបាននូវផ្លែផ្កា ផងដែរ ។/ ដោយ ៖ សារ៉េត



