មណ្ឌលគិរី ៖ ក្រុមការងារមនុស្សធម៌របស់អ្នកយកព័ត៌មានប្រចាំខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោក កេត សារ៉េត អ្នកយកព័ត៌មានទូរទស្សន៏ហង្សមាស លោក សាយ ករុណា អ្នកយកព័ត៌មានកោះសន្តិភាព និងលោកគឹីម ចំរើន អ្នកយកព័ត៌មានកាសែតកម្ពុជាអភិវឌ្ឍន៏ បាននាំយកអំណោយជាគ្រឿងឧភោគបរិភោគ សម្ភារៈប្រើប្រាស់ជាច្រើនមុខ ទៅជូនដល់លោកយាយទុរគតជនម្នាក់ ដែលកំពុងជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈគាត់មានវ័យជាង៧០ឆ្នាំទៅហើយ។
លោក កេត សារ៉េត បានឲ្យដឹងថា ការចុះចែកអំណោយនេះ គឺក្រោយក្រុមអ្នកយកព័ត៌មានខេត្តមណ្ឌលគិរីបានទទួលដំណឹងថា មានលោកយាយចាស់ជរាម្នាក់ កំពុងរស់នៅម្នាក់ឯងដាច់ឆ្ងាយពីអ្នកភូមិ ក្នុងខ្ទមរយីរយាកដែលស្ទើរតែបាក់រាបដល់ដីទៅហើយ អ្នកយកព័ត៌មានកាសែតកោះសន្តិភាព និងរូបលោក បានចុះទៅពិនិត្យឃើញជាក់ស្តែង នៅភូមិពូហ៊ុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ពិតជាមានលោកយាយ ដែលកំពុងរស់នៅលំបាកវេទនាពិតមែន ។
លោកបន្តថា បន្ទាប់ពីពិនិត្យឃើញស្ថានភាពលោកយាយ យឺន រស់ក្នុងសភាពលំបាកនោះ នៅពេលវិលត្រលប់មកដល់ទីរួមខេត្តវិញ ក្រុមការងារសប្បុរសធម៏ ដែលមានឈ្មោះជាផ្លូវការថា ខ្លីខ្លឹម មានលោក (អ្នកយកព័ត៌មានហង្សមាស) និងលោក សាយ ករុណា អ្នកយកព័ត៌មានកោះសន្តិភាព ជាអ្នកបង្កើតនឹងមានអ្នកយកព័ត៌មានក្នុងខេត្តមណ្ឌលគិរីទាំងអស់ជាសមាជិត ក៏បានខិតខំប្រមែប្រមូលនឹងផ្សព្វផ្សាយដល់សប្បុរសជននានា ដែលមានទឹកចិត្តសប្បុរសធម៏ ដើម្បីជួយឧបត្ថម្តដល់លោកយាយ ។
លោក សាយ ករុណា បានឲ្យដឹងថា ក្រុមការងារសប្បុរសធម៏ ខ្លីខ្លឹម កាលពីថ្ងៃទី២ មិនា ២០១៥ បាននាំយកអំណោយជាច្រើនមុខទៅជូនលោកយាយកំសត់ ដូចជា៖អង្ករ១០០គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីអ៊ាវ២យួរ អំបិល៣០គីឡូក្រាម ទឹកត្រី២យួរ មី១កេះ នឹងថវិកាមួយចំនួន ។
លោកករុណាបានបន្តថា ដោយមើលឃើញពីភាពលំបាករបស់លោកយាយ ដែលរស់នៅដាច់ឆ្ងាយពីអ្នកភូមិ នឹងផ្ទះដែលលោកយាយកំពុងស្នាក់នៅ ជិតដួលរលំផងនោះ ក្រុមការងារ ខ្លីខ្លឹម ក៏បានឯកភាពគ្នា សាងសង់ផ្ទះជូនគាត់មួយខ្នងដែលមានទំហំ៣ម៉ែត្រ គុណ ៤ម៉ែត្រ ប្រកសង្ក័សី ក្រាលឈើក្តារនឹងបានសុំដីរបស់អ្នកភូមិម្នាក់ដើម្បីសាងសង់ផ្ទះរបស់គាត់នៅជិតគេឯង។
លោកមេភូមិ ពូហ៊ុង នឹងមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំចុងផ្លាស់ បានសម្តែងការត្រេកអរថា ក្នុងនាមរូបលោកជាអាជ្ញាធរមូលដ្ឋានពិតជាចង់ឲ្យប្រជាជនដែលរស់នៅក្នុងភូមិឃុំរបស់ខ្លួន រស់នៅបានសុខស្រួល មិនចង់ឃើញពលរដ្ឋណាម្នាក់ជួបប្រទះបញ្ហាជីវភាពលំបាកទេ ។ តែដោយសារភូមិឃុំមិនមានលទ្ឋិភាពគ្រប់គ្រាន់ ក្នុងការជួយដោះស្រាយបញ្ហាជីវភាពជូនពលរដ្ឋបានគ្រប់គ្នា ដូច្នេះសកម្មភាពរបស់ក្រុម អ្នកយកព័ត៌មានសរបញ្ជាក់ឲ្យឃើញពី វប្បធម៏ចែករំលែកនឹងចេះជួយគ្នាក្នុងគ្រាក្រ ដែលជាទង្វើដ៏ល្អសម្រាប់ក្មេងៗយកតម្រាប់តាម។
លោកយាយ នើត យឺន អាយុ៧៩ឆ្នាំ ជនជាតិដើមភាគតិចព្នងបាននិយាយរដឺនៗថា លោកយាយសប្បាយចិត្តខ្លាំងណាស់ ព្រោះលោកយាយមិនដែលបានហូបរបស់ឆ្ងាញ់បួនដប់ឆ្នាំមកហើយ មិនតែប៉ុណ្ណោះលោកយាយក៏មិនមានផ្ទះរស់នៅស្រួលដែរ តែថ្ងៃនេះលោកយាយសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមមិនបាន ព្រោះនៅជីវិតចុងក្រោយរបស់គាត់ បានហូបឆ្អែតនឹងរស់នៅបានស្រួលជាងមុនឆ្ងាយណាស់ ។ ហើយលោកយាយបាន ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ជួបសេខក្តីសុខ រកស៊ីមានបានគ្រប់ក្រុមគ្រួសារ។
អំណោយដែលក្រុមសប្បុរសធម៌ខ្លីខ្លឹម នាំទៅជូនដល់លោកយាយនើត យឺន គឺទទួលបានពីការជួយឧបត្ថម្តពី លោកឧត្តមសេនីយ៏ត្រីតូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក រ៉ាម៉ន ភោជនីដ្ឋាននឹងរមណីយដ្ឋាន អូរមីស ខេត្តមណ្ឌលគិរី លោក ប្រែង ផល្លានឹងភរិយា ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ រួមនិងក្រុមការងាររបស់ខ្លីខ្លឹមចុះជួយជនក្រីក្ររបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
ដោយ ៖ គឹម ចំរើន





