(ខេត្តកំពត)៖ វត្តវាលពួច ដែលជាទីអារាមរបស់ព្រះមហាក្សត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលមានព្រំប្រទល់ជាប់គ្នានឹងភូមិសាស្ត្រឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត អំឡុងពេលនេះកំពុងមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយ ខណៈបរិវេណវត្តទាំងមូលត្រូវគេរំលោភទន្ទ្រានយកទំហំជាងពាក់កណ្តាល មកធ្វើជាកម្មសិទ្ធិឯកជន។
បន្ទាប់ពីមានប្រតិកម្មពីសំណាក់ លោកអាចារ្យគណៈកម្មការវត្ត និងព្រះសង្ឃក្នុងវត្តវាលពួចនិងប្រជាពលរដ្ឋ ទាក់ទិននឹងករណីលួចទន្ទ្រានយកដី របស់វត្ត នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ គេឃើញវត្តមាន លោក ភូ លិ អភិបាលរងខេត្តកំពត បានដឹកនាំកម្លាំងអាជ្ញាធរ ក្រុង-ស្រុក រួមនិងមន្ត្រីនៃមន្ទីរជំនាញ រួមមានមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជំនាញសុរិយោដី ខេត្ត-ក្រុង ស្រុក ចុះទៅដល់វត្តវាលពួច ក្នុងគោលបំណងសម្របសម្រួល និងត្រួតពិនិត្យស្វែងយល់អំពីទីតាំង ភូមិសាស្ត្រផ្ទាល់ដើម្បីរកដំណោះស្រាយ។
លោក គង់ ផល្លា ប្រធានមន្ទី វប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត បានលើកឡើងថា ទីតាំងវត្តវាលពួច មានទួលអង្គចំនួន៨ ដែលចាត់ទុកជាទីទួលបុរាណ ហើយទួលទាំងអស់នេះជាទួលសម្រាប់គោរពសក្ការៈបូជា ប៉ុន្តែក្នុងចំណោមទួលអង្គទាំង៨ រហូតមកដល់ពេលនេះគឺនៅសល់តែទួល៧ទេ ដោយឡែកទួលទី៨ត្រូវបាត់រូបរាងដោយការឈូសបំផ្លាញបំបាត់ដានពីសំណាក់ជនខិលខូច។ចំពោះទួលអង្គទាំងប៉ុន្មានខាងលើ គណៈកម្មការក៏បានចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិរួចហើយ ខណៈមានការឯកភាពពីឯកឧត្តម អភិបាលខេត្តកំពតនោះ។
ដោយឡែក លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ថា ជាការពិតណាស់ ផ្ទៃដីវត្តវាលពួចទាំងមូលពិតជាមានទំហំផ្ទៃក្រឡា ២៨,០០០ ម៉ែត្រការ៉េ ប៉ុន្តែរហូតមកដល់ពេលនេះ ទំហំនៃបរិវេណដីវត្តនៅសល់ត្រឹមតែ ១០,៣២២ ម៉ែត្រការ៉េ ប៉ុណ្ណោះ បានសេចក្តីថា ដីវត្តវាលពួចដែលព្រះមហាក្សត្រប្រគេនជូនវត្តកាលពីឆ្នាំ២០១២ គឺត្រូវបាត់ដីអស់ ១៧,៦៧៨ ម៉ែត្រការ៉េទៅហើយ។លោកបានបន្តថា ដីវត្តនេះកាលពីដំបូង គឺឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត(ក្នុងឆ្នាំ២០១២)បានប្រទានដល់ព្រះមហាក្សត្រ ដែលមានដីទំហំ ២៨,០០០ម៉ែត្រការ៉េ ដោយខណៈនោះព្រះមហាក្សត្រក៏យកដីទំហំខាងលើប្រគេនដល់ព្រះសង្ឃនៅវត្តវាលពួច សម្រាប់ពង្រីកទីធ្លា និងបរិវេណវត្តឱ្យបានធំទូលាយ តែពេលនេះបែរជាបាត់បង់ដីជាងពាក់កណ្តាលទៅហើយ។
ជាមួយគ្នានេះ លោក ភូ លិ អភិបាលរងខេត្តកំពត បានបញ្ជាក់ថា ករណីបាត់បង់ដីរបស់វត្តវាលពួចនេះ ត្រូវតែរកមូលហេតុឱ្យឃើញ បើមិនដូច្នោះទេ លោកអាចារ្យ គណៈកម្មការវត្ត និងព្រះសង្ឃមិនសុខចិត្តឡើយ ដូចនេះដើម្បីឱ្យដំណោះស្រាយមានភាពងាយស្រួល លោកសំណូមពរដល់គណៈកម្មការ ចូរទៅវាស់វែងទួលអង្គទាំង៨ ដើម្បីរកទំហំពិតប្រាកដ ហើយលៃលកយ៉ាងណាត្រូវយកទួលអង្គទាំង៨នេះទុកជាដីវត្តវាលពួចវិញ។
ម្យ៉ាងទៀតករណីបាត់ដីវត្តនេះ គណៈកម្មការទាំងអស់ត្រូវចុះទៅពិនិត្យនៅតាមចំណុចគោលដៅដែលបានកំណត់ កាលពីព្រះមហាក្សត្រប្រទានដីនេះដល់វត្តតាមទំហំជាក់លាក់ បើទោះជាមានដីខ្លះចេញប័ណ្ណកម្មសិទ្ធិរួចរាល់ក្តី រួចហើយត្រូវចងក្រងឯកសារទាំងនោះ ជូន ឯកឧត្តមអភិបាលខេត្តកំពតដើម្បីពិនិត្យនិងដោះស្រាយ នៅពេលក្រោយ។
សូមបញ្ជាក់ផងដែរថា បើតាមការលើកឡើង របស់លោក បេង សំណាង ប្រធានភូមិបាលក្រុងកំពត បានរៀបរាប់ថា ករណីបាត់ដីវត្តមិនពាក់ព័ន្ធជាមួយនឹងមន្ត្រីជំនាញទេ ព្រោះថាមុនពេលចេញប្លង់កម្មសិទ្ធិ ខាងជំនាញបានបិទប្រកាសរយៈពេល១៥ថ្ងៃ ប៉ុន្តែបែរជាគ្មានអ្នកជំទាស់ ទើបប្លង់កម្មសិទ្ធិចេញរួចរាល់ ដូច្នេះមិនអាចបន្ទោសដល់ផ្នែកជំនាញបានទេ។
ដោយឡែក លោក កែវ ចក់ ជាសមាជិកក្រុមប្រឹក្សាក្រុងកំពត និងជាគណៈកម្មការវត្តវាលពួច បាននិយាយថា តាមពិតពេលបិទប្រកាសចេញប្លង់កម្មសិទ្ធិដីនៅទីនេះ លោក និងលោកអាចារ្យ បានធ្វើការប្តឹងជំទាស់ ជាបន្តបន្ទាប់ តែទីបំផុតនៅតែជំនាញចេញប្លង់ឱ្យអ្នករំលោភយកដីវត្តបានតែដដែល។
ទាក់ទិននឹងការសម្របសម្រួល និងរកដំណោះស្រាយលើករណីទន្ទ្រានយកដីវត្តខាងលើ មហាជនក្នុងខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម អភិបាលខេត្តកំពតពិតជាមានវិធានការដោះស្រាយដើម្បីយកដីដែលបាត់បង់នេះ សម្រាប់ជាដីវត្តវិញ៕ សេង ណារិទ្ធ








