(ខេត្តកែប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួង ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានសហការជាមួយ មន្ទីរ ដនសស ខេត្តកែប និងរដ្ឋបាលខេត្តកែប បានបេីកវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជន ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និង លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក លោក លោកស្រី ប្រតិភូ អមដំណើរ ឯកឧត្ដម រដ្ឋលេខាធិការ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិគ្រប់ភូមិ វិស្វករ និងវិស័យឯកជន សរុបចំនួន១៣២រូប។
ក្នុងអង្គពិធីនេះដែរ លោក កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះគឺផ្ដោតសំខាន់លើវិស័យសំណង់ ពិសេសច្បាប់ស្ដីពីសំណង់ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រឹត្យលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយផ្អែកលើច្បាប់នេះ និងការណែនាំបន្ថែមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឲ្យខេត្តក៏ដូចជាមន្ទីរមានមូលដ្ឋានសម្រាប់ជម្រុញ និងអភិវឌ្ឍន៍នូវវិស័យសំណង់ប្រកបដោយចីរភាព។
ក្នុងឱកាសនោះ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាន៍ថា ច្បាប់ស្តីអំពីសំណង់មាន២២ជំពូក និង ១១១មាត្រា ច្បាប់នេះចង់ក្រងឡើងក្នុងគោលបំណងធានានូវ ៖ ទី១. គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន។ ទី២. សោភ័ណ្ឌភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចេរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ។ ទី៣. ធានាបាននូវគណនីភាព ប្រសិទ្ធភាព ក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់ និងទី៤ បង្កើនការជឿទុកចិត្ត របស់វិនិយោគិន ក្នុងវិស័យសំណង់ និង ជំរុញទីផ្សារអចលនទ្រព្យកម្ពុជា ប្រកបដោយប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ចសង្គម។
លោក លាង មុនីរិទ្ធ បានបញ្ជាក់ទៀតថា ក្នុងនាមក្រសួងសមត្ថកិច្ចលើការងារសំណង់ ត្រូវតាមដានជាប់ជាប្រចាំ អំពីការវិវដ្តប្រែប្រួល នៃស្ថានភាពសំណង់ ទាំងបញ្ហាវិជ្ជមាន អវិជ្ជមាន ទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាពាក់ព័ន្ធនឹងសំណង់ ដែលជាធាតុចូលក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងដាក់ចេញនូវវិធានការដើម្បីជំរុញ និងបំពេញការអនុវត្តន៍ច្បាប់ ស្តីពីសំណង់ ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ព្រោះការអនុវត្តន៍នៅមានការខ្វះចន្លោះ ឬអសកម្មដោយប្រការណាមួយនោះ វានឹងជះឥទ្ធិពលអវិជ្ជមាន និងទស្សនកម្មផ្សេងៗ ដល់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ វិនិយោគិន អ្នកប្រើប្រាស់សំណង់ ក៏ដូចជាសង្គមជាតិទាំងមូលជាក់ជាមិនខាន។
នាឱកាសនោះដែរ លោកក៏បានក្រើនរំឭកផងដែរថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លើវិស័យសំណង់ ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាព ប្រកបដោយមនសិការវិជ្ជជីវៈ ស្មោះត្រង់នឹងវិជ្ជាជីវៈ មានតម្លាភាព និងគណនីភាព ចំពោះថ្នាក់លើ និងឈរលើគោលការច្បាប់ ក្នុងការចេញលិខិតអនុញ្ញាតិ ពាក់ព័ន្ធនឹងសំណង់ដូចជា លិខិតអនុញ្ញាតិសាងសង់ លិខិតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬវិញ្ញាប័ណ្ណប័ត្រប្រើប្រាស់សំណង់។ លើសពីនេះ ក៏ត្រូវខិតខំពង្រឹងការត្រួតពិនិត្យ ការដ្ឋានសំណង់ ការត្រួតពិនិត្យ សម្ភារៈបរិក្ខា និងផលិតផលសំណង់ ការដោះស្រាវវិវាទទាក់ទង់នឹងសំណង់ ការទប់ស្កាត់បទល្មើសសំណង់ជាដើម៕ សេង ណារិទ្ធ












