បាត់ដំបង ៖ កាលពីនៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2020 វេលាម៉ោង 17: 10 នាទី នៅចំណុចភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង បានដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ ( វាយប្លន់យកទ្រព្យសម្បត្តិ ) មួយករណី និង នាំខ្លួនជនសង្ស័យ 1 នាក់ ឈ្មោះ សេក ផល្លា ហៅ អូន ភេទ ប្រុស អាយុ 31 ឆ្នាំ មានទីលំនៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ រត់តាក់ស៊ី ។
កិច្ចប្រតិបត្តិនេះធ្វើឡើង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពី លោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ធី រត្ថា ភេទស្រី អាយុ 27 ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុង ភូមិរំចេក 4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍អោយដឹងថា កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2020 វេលាម៉ោង 00:37នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការដើម្បីទៅសម្រាកនៅក្នុងផ្ទះជួលស្ថិតក្នុងចំណុចខាងលើ លុះមកដល់ចំណុចផ្ទះជួលជនរងគ្រោះក៏បានចុះពីលើម៉ូតូ រួចចាក់សោទ្វារផ្ទះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌កណ្ដុរប្រមេះ បានបើកទៅក្បែរជនរងគ្រោះ រួចចុះពីលើរថយន្ត ហើយវាយទៅលើជនរងគ្រោះ ចំថ្គាម បណ្ដាលឱ្យជនរងគ្រោះ ហើម ប៉ោង ជាំ ថ្គាម និងប្លន់យកទ្រព្យសម្បត្តិដែលជនរងគ្រោះ ទុកក្នុងកាបូបយួរដៃពណ៌ប្រផេះ ។
ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួចក៏បានឡើងជិះរថយន្តរួចគេចខ្លួនបាត់។
វត្ថុតាងដកហូតរួមមាន ៖
– លោហៈធាតុពណ៌លឿង ( ខ្សែ ក ) 1ខ្សែ
– លោហៈធាតុពណ៌លឿង ( បន្តោងខ្សែ ក ) ចំនួន 2 បន្តោង
– ក្រវិលពណ៌ ស 1គូ
– ទូរសព្ទដៃម៉ាកអូប៉ូ ពណ៌ក្រហមចំនួន 1គ្រឿង
– ទូរសព្ទដៃម៉ាក nokia ស៊េរីចាស់ចំនួន 1គ្រឿង
– កាបូបយួរដៃពណ៌ប្រផេះចំនួន 1
– រថយន្ត1គ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AI 9709
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕







