(ខេត្តកំពត)៖ ដោយអនុវត្តន៍តាមអនុក្រិត្យលេខ១១៣ អ.ន.ក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ក៏ដូចជាការពង្រឹងនៃការប្រមូលសំរាម នៅក្នុងក្រុងកំពតឱ្យមានប្រសិទ្ធភាព ប្រកបដោយនិរន្តរភាពបន្ថែមទៀតនោះ នៅព្រឹកថ្ងៃទី១៨ ខែខែកុម្ភៈ ឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្ត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពី ប្រធានមន្ទីរបរិស្ថានខេត្ត អភិបាលស្រុកទឹកឈូ និង អភិបាលក្រុងកំពត ព្រមទាំងចៅសង្កាត់និងមេឃុំមួយចំនួននៃស្រុកទឹកឈូ និងមន្ត្រីពាក់ព័ន្ធក្នុងសាលាខេត្តមួយចំនួនទៀតស្ដីពីការងាររួមពិភាក្សាផ្ដល់យោបល់លើគម្រោង យន្តការថ្មីនៃការប្រមូលសំរាមក្នុងក្រុងកំពត។
ក្នុងកិច្ចប្រជុំនេះបានដាក់ចេញនូវរបៀបវារៈលើគម្រោងយន្តការថ្មីចំនួន២សម្រាប់ឱ្យសមាជិកអង្គប្រជុំចូលរួម ពិភាក្សាផ្ដល់យោបល់ ពិសេសគឺសម្រាប់ឱ្យអាជ្ញាធរមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ និមួយៗជ្រើសរើសក្នុងគោលដៅនៃការប្រមូលសំរាមនៅក្នុងក្រុងកំពត ក៏ដូចជាឃុំមួយចំនួនជាប់ ក្រុងកំពតឱ្យបានកាន់តែមានប្រសិទ្ធភាពក្នុងនោះរួមមានគឺ៖
ទី១-យន្តការ ដាក់ឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកប្រមូលសំរាមតាមលំនៅដ្ឋានក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ និង ដឹកជញ្ជូនចាក់នៅទីលាន សំរាមដោយទូទាត់ថវិកាតាមរយៈរដ្ឋ (គិតជាតោននៃសំរាម ប្រមូលបាន)។
ទី ២-យន្តការ ប្រគល់ដាក់ឲ្យក្រុមហ៊ុនប្រមូលសំរាម និង ដឹកជញ្ជូនដោយផ្ទាល់ ទៅចាក់នៅទីលានសំរាម ដោយទូទាត់ថវិកាតាមរយៈរដ្ឋ (គិតជាតោននៃសំរាម ប្រមូលបាន)។
ក្នុងកិច្ចប្រជុំនេះសមាជិកទាំងអស់ក៏បានឯកភាពគ្នារើសយកយន្តការទី២ ជាមតិយោបល់ឯកច្ឆន្ទ ពោលគឺការប្រគល់ដាក់ឱ្យក្រុមហ៊ុនប្រមូលសំរាម និង ដឹកជញ្ជូនដោយផ្ទាល់ និងទៅចាក់នៅទីលានសំរាម ដោយទូទាត់ថវិកាតាមរយៈរដ្ឋ (គិតជាតោននៃសំរាម ប្រមូលបាន)។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា រយៈពេលកន្លងទៅបញ្ហាសំរាមនៅក្នុងក្រុងកំពតក៏ដូចជាឃុំមួយចំនួន នៃស្រុកទឹកឈូជាប់ក្រុងកំពត យើងសង្កេតឃើញថាមានការយកចិត្តទុកដាក់បានល្អប្រសើរពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពរដ្ឋ។ ក៏ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏នៅមិនទាន់បានឆ្លើយតបមានប្រសិទ្ធភាពនៅឡើយ ដោយសង្កេតឃើញនៅមានកម្រិត ដែលធ្វើឱ្យការគ្រប់គ្រងក៏ដូចជាការប្រមូលសំរាមនៅក្នុងក្រុងកំពតមានការយឺតយ៉ាវនិងមានចោលសំរាមតាមដងផ្លូវជាយក្រុងកំពតធ្វើឱ្យអាជ្ញាធរមានការពិបាកក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះ។
ដូច្នេះដើម្បីជាការឆ្លើយតប ទៅនិងការជំរុញរបស់ក្រសួងបរិស្ថានក៏ដូចជារដ្ឋបាលខេត្តកំពត កិច្ចប្រជុំពេលនេះ គឺជាកិច្ចប្រជុំលើកដំបូងដើម្បីដាក់យន្តការថ្មី សម្រាប់អនុវត្តនៅពេលខាងមុខនេះដោយធ្វើយ៉ាងណាឱ្យការប្រមូលសំរាមនៅក្នុងក្រុងកំពតក៏ដូចជានៅឃុំមួយចំនួន នៃស្រុកទឹកឈូដែលជាប់នឹងក្រុងកំពត ទទួលបានលទ្ធផលល្អ ដោយបញ្ជៀសការកកស្ទះសំរាមឬការប្រមូលយឺតយ៉ាវដូចមុនទៀត។
លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើ និងជំរុញឱ្យ មន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធនៅពេលយន្តការថ្មីចាប់ផ្ដើមអនុវត្តនៅពេលខាងមុខនេះត្រូវបង្កើនកិច្ចសហការឲ្យបានល្អ រវាងក្រុមហ៊ុននិងអាជ្ញាធរធ្វើយ៉ាងណាការប្រមូលសំរាមឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួននិងបញ្ចៀសការចោលសំរាមពាសវាលពាសកាល តាមដងផ្លូវឬសួន សាធារណៈនៅក្នុងក្រុងកំពតនេះ៕ សេង ណារិទ្ធ





