(ខេត្តកែប)៖ កងកម្លាំងប្រជាការពារម្នាក់បានរងរបួសរបួសដៃយ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីជាអ្នករើសសំបកកំប៉ុងក្នុងរោងការយកកូនកាំបិតទៅចាក់ ខណៈជនរងគ្រោះបានទៅរារាំងកុំឱ្យស្ត្រីសង្ស័យលួចសម្ភារៈក្នុងរោងការ។
ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរៀបចំពិធីមង្គលការមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ទាក់ទិននឹងករណីខាងលើ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលមានករណីចាក់ប្រហារមកលើប្រជាការពារ ស្ត្រីសង្ស័យបានបន្លំលួចយកសម្ភារៈដែលម្ចាស់កម្មវិធីដាក់នៅតាមតុសមនរាប់ទទួលភ្ញៀវ ទើបប្រជាការពារដែលរងគ្រោះបានទៅហាមឃាត់មិនឱ្យធ្វើសកម្មភាព។ភ្លាមនោះស្រាប់តែស្ត្រីសង្ស័យហកកូនកាំបិតចាក់ចំដៃជនរងគ្រោះតែម្តង។
សមត្ថកិច្ចបានបន្តថា ប្រជាការពារខាងលើមាន ឈ្មោះ ឯក សារុន ភេទប្រុស អាយុ៤១ឆ្នាំ។ ដោយឡែកស្ត្រីសង្ស័យ មានឈ្មោះ ហេង ណៃ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអ្នករើសអេតចាយតាមរោងបុណ្យ-រោងការ មានទីលំនៅមិនពិតប្រាកដ។
ចំពោះករណីស្ត្រីដៃដល់បានចាក់ប្រជាការពារឱ្យរងរបួសដៃនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ បែន តារា ស្នងការនគរបាលខេត្តកែប បានចុះទៅសួរសុខទុក្ខនិងនាំយកថវិកាចំនួន ៨០ម៉ឺនរៀល ដើម្បីឧបត្ថម្ភជូនកម្លាំងប្រជាការពារជាជនរងគ្រោះ ឈ្មោះ ឯក សារុន ភេទប្រុស អាយុ៤១ឆ្នាំ សម្រាប់យកទៅចាតចែងព្យាបាលមុខរបួស។
ចំណែកជនសង្ស័យខាងលើ ត្រូវបានកម្លាំងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការបន្តតាមនីតិវិធីច្បាប់៕ សេង ណារិទ្ធ







