(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការនូវចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងកំពត។
ពិធីនារសៀលនេះក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខត្ត លោកនាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះសាលខេត្ត មន្ត្រីរាជការសាលាក្រុងកំពត មន្ត្រីសាលាសង្កាត់ទាំងប្រាំនៃក្រុងកំពត។
មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុងកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង ស្រុក គឺជាការសំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ។
លោក ជាវ តាយ បានបន្តទៀតថា ដូចនេះ
ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងកំពត នាឱកាសនេះ ក៏ដូចរដ្ឋបាលក្រុងស្រុកទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលបានដាក់ចេញនូវ
ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ មានអត្ថន័យយ៉ាងជ្រាលជ្រៅ មកលើប្រពន្ធ័គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ហើយការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក នេះទៀតសោតគឺផ្អែកតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដែលមាន លក្ខណៈពេញលេញ ដើម្បីបង្កើនជំរុញនិងធ្វើឱ្យមានចីរភាព ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលការណ៍កំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ។
ដូច្នេះដើម្បីធានាឱ្យដំណើរការនៃការចាប់ផ្តើមអនុវត្តរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងកំពតឱ្យបានប្រពឹត្តដោយរលូនចាប់ពីពេលនេះតទៅលោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ ផ្ដាំផ្ញើនូវកិច្ចការចាំបាច់មួយចំនួន ដល់មន្ត្រីរដ្ឋបាល ក្រុងកំពតទាំងអស់ ត្រូវយកចិត្ត ទុកដាក់អនុវត្តរួមមាន៖ ការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ចរាចរលិខិតស្នាម និងការរៀបចំទីកន្លែងបំពេញការងារ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងកិច្ចការឯកសារនិងទ្រព្យសម្បត្តិ ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម អំពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ។
ជាមួយនេះ ដើម្បីរួមគ្នាសម្រេចឲ្យបានប្រសិទ្ធភាពនូវកិច្ចការខាងលើ លោកអភិបាលខេត្តក៏បានបន្តផ្ដាំផ្ញើដល់មន្ត្រីរដ្ឋបាល ក្រុងកំពតទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ជាការចាំបាច់ គឺត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
សេង ណារិទ្ធ










